ខេត្តបន្ទាយមានជ័យ៖លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងថា ស្រី្តខ្មែរដែលជាអាជីវករ នៅផ្សាររុងក្លឿ ស្ថិតនៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលត្រូវបានបុរស ជនជាតិថៃ ចាប់ខ្លួនហើយរំលោភ សេពសន្ថវៈ បានទាមទារប្រាក់ ជំងឺចិត្ត ៥សែនបាត។ លោក ជុំ សុន្ទរី បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ កិច្ចជំនួបរវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស ខ្មែរ និងលោក អ៊ុយហ្គោ អាស្ទូតូ អនុប្រធាន គ្រប់គ្រងទទួល បន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក សហភាពអឺរ៉ុប នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ថា “រឿងនេះ កំពុងធ្វើការដោះស្រាយគ្នា ដោយខាងសាម៉ីខ្លួន នារីរងគ្រោះ បានទាមទារ ៥សែនបាត ហើយខាងជនល្មើស បានប្រាប់ថា ខ្លួនមិនមានលទ្ធភាព សងទេ ។
ប៉ូលីសប្រាប់ថា បើជនល្មើស មានលទ្ធភាពសង នឹងអាចដោះស្រាយគ្នា ក្រៅផ្លូវការបាន” ។ បើតាមលោកជុំ សន្ទរី ប៉ូលីសថៃ ប្រាប់ថា បើជនល្មើសគ្មានប្រាក់សងទេ នឹងបញ្ជូនសុំណុំរឿងនេះ ទៅតុលាការ។
សូមបញ្ជាក់ថា ស្រី្តរងគ្រោះត្រូវបានបុរសជនជាតិថៃ ពីរនាក់ ចាប់ដាក់ក្នុងរថយន្ត យកទៅបាត់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ហើយតម្រួតថៃ បានរកឃើញ នៅថ្ងៃ៤ឧសភា។ ស្ត្រីរូបនេះ មានអាយុ២៧ឆ្នាំ មានប្តី និងកូនប្រុសម្នាក់ ជាអ្នកលក់ដូរ នៅក្នុងផ្សាររុងក្លឿ រស់នៅក្នុង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕