ម៉ាឡេស៊ី៖ប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលលោក Azharuddin Abdul Rahman បានថ្លែងថា ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកមនុស្សចំនួន៦នាក់រួមមានអនុរដ្ឋមន្ត្រីម៉ាឡេស៊ី និងសមាជិករដ្ឋសភាម្នាក់ផង បានបាត់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅលើកោះBorneo រដ្ឋ Sarawak។ នេះបើយោងតាមសារព័ត៌មាន The Star។
លោក Azharuddin Abdul Rahman បញ្ជាក់ថា ឧទ្ធម្ភាគចក្របានបាត់ទំនាក់ទំនងនៅវេលាម៉ោង ៥ល្ងាញមិញ អំឡុងពេលហោះចម្ងាយជាង ៣០នាទី ពីទីក្រុង Betong ទៅកាន់ទីក្រុង Kuching។ ជាមួយគ្នានេះអាជ្ញាធរបានចេញប្រតិបត្តិការតាមស្វែងរក និងជួយសង្គ្រោះប្រមាណជាង១០០នាក់ តាមផ្លូវដ៏ពិបាក ក្នុងរដ្ឋមិនសូវមានប្រជាជនរស់នៅនេះ។
តាមប្រភពសារព័ត៌មានដដែលបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រនោះមានអនុរដ្ឋមន្ត្រីខាងដំណាំ និងទំនិញឧស្សាហកម្មលោកស្រី Noriah Kasnon រួមជាមួយស្វាមី, ប្រធានក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ីលោក Wan Mohammad Khairil និងសមាជិកសភាលោក Wan Mohammad Khairil Anuar Wan Ahmad ត្រូវគេគិតថា ជាមនុស្សស្ថិតក្នុងចំណោមទាំង ៦នាក់៕