ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងបើកកិច្ចប្រជុំទ្រង់ទ្រាយធំ
កូរ៉េខាងជើង៖យោងតាមសារព័ត៌មាន Channel News Asia ផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានចាប់ផ្តើមបើកកិច្ចប្រជុំជាន់ខ្ពស់របស់មន្ត្រីដឹកនាំនៅក្នុងបក្សដែលមិនធ្លាប់មាននៅក្នុងរយៈពេលប្រមាណ៤០ឆ្នាំមកនេះ។
តាមសារព័ត៌មានដដែលបន្តថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីជជែកពីស្ថានភាពអាវុធនុយក្លេអ៊ែរបស់ខ្លួន និងបង្ហាញពីភាពរឹងមាំក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន រួមទាំងលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀត ខណៈអន្តរជាតិកំពុងព្រួយបារម្ភផងដែរ។
គួរបញ្ជាក់ថា ការប្រជុំនេះជាសមាជលើកដំបូងរបស់គណបក្សដែលកំពុងដឹកនាំនៅកូរ៉េខាងជើងជាង៤០ឆ្នាំមកនេះ ហើយបានកោះហៅគណៈប្រតិភូរាប់ពាន់នាក់មកពីតំបន់ផ្សេងៗនៅក្នុងប្រទេសឲ្យទៅប្រជុំនៅទីក្រុងព្យុងយាង៕