លោក សម រង្ស៊ី ចោទ​បក្ស​កាន់អំណាច​មានបំណង​បង្អាក់​ការបោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​គណបក្សកាន់អំណាច ( CPP ) ថា មានបំណង​បង្អាក់​ការបោះឆ្នោត​នៅពេល​ខាងមុខ ដូច្នេះ​គេ​បង្កើត​បញ្ហា​ដូចជា ការចាប់ខ្លួន​បក្សប្រឆាំង​និង​សង្គម​ស៊ីវិល​ជាដើម​។​
​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​យប់ ថ្ងៃ​ព្រហស្បតិ៍ លោក សម រង្ស៊ី មានប្រសាសន៍ថា​៖ ដូច្នេះ​ការបោះឆ្នោត​ខាងមុខ មា​នគ​.​ជ​.​ប​ថ្មី គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ចាញ់ឆ្នោត​ដាច់ខាត អញ្ចឹង បានជា​គេ​ព្រួយបារម្ភ​ណាស់ គេ​ស្លន់ស្លោរ គេ​ត្រូវបង្កើត​រឿង បង្កើត​ឧប្បត្តិហេតុ ធ្វើ​ម៉េច​កុំ​ឲ្យ​ការបោះឆ្នោត​ហ្នឹង​ទៅរួច ឬមួយ​ការបោះឆ្នោត​នាំ​ឲ្យ​វា​រអាក់រអួល ឲ្យ​វា​ជ្រួលច្របល់ ឲ្យ​មាន​អំពើហិង្សា ឲ្យ​សម្លុត គេ​សម្លុត​ឯង​តាមចិត្ត កុំ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ហ៊ាន​សម្តែង​មតិ​ជាទូទៅ មតិយោបល់ ឆន្ទៈ​ពិតប្រាកដ បើ​ឆន្ទៈ​ពិតប្រាកដ​គេ​នឹង​ចាញ់ អញ្ចឹង​ហើយ​សូម​យល់​ឲ្យ​ច្បាស់ បាន​គេ​បង្កើត​រឿង​មកទល់នឹង​សព្វថ្ងៃ​”​។​
​លោក សម រង្ស៊ី អះអាង​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មានការ​បោះឆ្នោត “​ដោយ​សន្តិវិធី ដោយ​ការគោរព​ច្បាប់ រលូន​និង​ពលរដ្ឋ​កុំ​ឲ្យ​ភ័យខ្លាច ។ លោក​បន្ថែមថា បក្ស​សង្គ្រោះ​ជាតិ បាន​ប្រើ​យុទ្ធសាស្ត្រ​មួយ​៖ “​គេ​វាយ​យើង យើង​សុទ្ធចិត្ត​ឱន​….​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង ចំពោះ​រឿង​ឥតប្រយោជន៍​”​។​
​យ៉ាងណាក៏ដោយ ការលើកឡើង​របស់លោក សម រង្ស៊ី ត្រូវបាន​មន្ត្រីជាន់ខ្ពស់ CPP ឆ្លើយតប​ថា ជា​សំដី​របស់​ទណ្ឌិត​ម្នាក់​ដែល​មិនអាច​យកជាការបាន​នោះទេ​។ ប៉ុន្តែ​បើ​លោក សម រង្ស៊ី ពូកែ​ឬ​ក្លាហាន សូម​ចូលមក​និយាយ​គ្នា​ក្នុងស្រុក​ខ្មែរ​ទៅ ហើយ​កុំ​ស្រែក​ពាក្យ​អត់​បានការ​នៅក្រៅ​ស្រុក និង​មិន​សមជា​អ្នកនយោបាយ ឬ​មេបក្ស​មួយ​នោះទេ​៕

90