ដោយ ៖ខេមរិន្ទ
ភ្នំពេញះ យ៉ាងហោចណាស់មនុស្សដែលស្លៀកពាក់ពណ៌ខ្មៅចំនួន៦នាក់ នៅព្រឹកថ្ងៃចន្ទនេះ ត្រូវបានឃាត់ខ្លួន ក្នុងនោះ នាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្ត្រីលីកាដូម្នាក់ និងសកម្មជនដីធ្លីម្នាក់ ក៏ត្រូវបានអាជ្ញាធរខណ្ឌដង្កោចាប់ខ្លួនខណៈពួកគេបានចូលរួមយុទ្ធនាការពាក់អាវខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស ។
អ្នកឆ្លើយឆ្លងព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃចន្ទ ទី ៩ ខែឧសភា នេះ លោក អ៊ី សារ៉ុម និងមន្ត្រីអង្គការលីកាដូ ឈ្មោះ លោក ថាវ គឹមសាន នាយករងអង្គការសិទ្ធិមនុស្សលីកាដូ ត្រូវបានចាប់ខ្លួន នៅពេលពួកគេព្យាយាមដើរឆ្លងកាត់ផ្លូវចូលទៅពន្ធនាគារព្រៃសដែលត្រូវបានសមត្ថកិច្ចរារាំង ។ ចំណែកស្ត្រីម្នាក់ទៀតដែលត្រូវគេអះអាងថា ជាសកម្មជនដីធ្លីតំបន់បុរីកីឡា ឈ្មោះ ស ស៊ន ត្រូវបានចាប់ខ្លួននៅពេលបន្ទាប់។ មនុស្សប៉ុន្មាននាក់នោះត្រូវបានដឹកតាមរថយន្តចេញភ្លាមៗចេញេពីកន្លែងដែលបានចាប់ខ្លួន។
លោក មាន ចាន់យ៉ាដា ប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារពួកគេធ្វើយុទ្ធនាការដោយគ្មានការអនុញ្ញាត និងបានសរសេរសារលើហ្វេសប៊ុកដែលជាចលនាមួយទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស។ លោកបន្តថា” ទីមួយគឺ គាត់ចេញយុទ្ធនាការហ្នឹងដោយគ្នានការសុំច្បាប់អនុញ្ញាត គឺគាត់ធ្វើតាមទំនើងចិត្តរបស់គាត់ ទីពីរគឺ គាត់បានចេញសារតាមហ្វេសប៊ុកឬក៏តាមសារព័ត៌មានបណ្តាញសង្គមផ្សេងៗហ្នឹងដើម្បីធ្វើជាចលនាមួយទាមទារឲ្យមានការដោះលែង សកម្មជនអង្គការសង្គមស៊ីវិលមួយចំនួន”។
តាមគម្រោង អង្គការសង្គមស៊ីវិលមួយចំនួនបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។ សង្គមស៊ីវិលនិងក្រុមគ្រួសាររបស់មន្ត្រីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន គ្រោងតវ៉ានៅខាងមុខពន្ធនាគារដោយពាក់អាវខ្មៅ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី៨ ខែឧសភា ម្សិលមិញនេះ ក្រសួងមហាផ្ទៃបានបញ្ជាឲ្យស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេសប្រជុំជាបន្ទាន់និងគ្រប់គ្រងផ្ទៃក្នុងមន្ត្រីរាជការនៅតាមស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធទប់ស្កាត់ការប៉ុនប៉ងចលនាអូសទាញ កៀរគរមន្ត្រី និងកងកម្លាំងប្រដាប់អាវុធឲ្យចូលយុទ្ធនាការស្លៀកពាក់ខ្មៅទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល។ ក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី៨ ខែឧសភា ក្រសួងមហាផ្ទៃ បានលើកឡើងថា នាពេលថ្មីៗនេះ សមាគម អង្គការមិនមែនរដ្ឋាភិបាល”មួយចំនួនតូច”បានជួបប្រជុំគ្នានិងបានផ្សព្វផ្សាយ” បំផុសញុះញង់”ឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅ និងកៀរគរប្រមូលកម្លាំងដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសង្គមស៊ីវិល។ក្នុងលិខិតដដែល ក៏បានណែនាំឲ្យកោះប្រជុំគណៈបញ្ជាការឯករាជ្យរាជធានី ខេត្តជាបន្ទាន់ដើម្បីវាយតម្លៃសភាពការណ៍និងតាមដានការប្រមូលកម្លាំងទាមទារតវ៉ានានា ក្នុងនោះមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រះសង្ឃ និងកម្មករជាដើម។
ក្រសួងបន្តថា រដ្ឋាភិបាលតែងចាត់ទុកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគឺជា”ដៃគូមិនអាចខ្វះបាន”ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ននិងទៅអនាគត ប៉ុន្តែរាល់សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់និងដាច់ខាតមិនត្រូវធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅឡើយ”។ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានដាក់បញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈនិងការពង្រឹងនីតិរដ្ឋ ក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕