ហ្វីលីពីន៖យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់នៅទូទាំងប្រទេសហ្វីលីពីនដោយសារអំពើហិង្សានៅថ្ងៃបោះឆ្នោតកាលពីថ្ងៃចន្ទម្សិលមិញ ខណៈខ្មាន់កាំភ្លើងបានវាយប្រហារទៅលើស្ថានីយបោះឆ្នោត វាយឆ្មក់ និងឆក់ប្លន់រថយន្ត និងម៉ាស៊ីនរាប់សន្លឹកឆ្នោត។ នេះបើតាមសារព័ត៌មាន Channel News Asia។
អាជ្ញាធរបានចាត់ទុកអំពើហិង្សានោះជាករណីដាច់ដោយឡែក ហើយដំណើរការបោះឆ្នោតជារួមបានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ ខណៈដែលមនុស្ស១០លាននាក់បានចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងតួនាទី១៨ ០០០កន្លែងផ្សេងទៀត។
មន្ត្រីជាន់ខ្ពស់ប៉ូលិស លោក Esmael Madin បាននិយាយថានៅឯទីក្រុង Sultan Kudarat ដែលជាមូលដ្ឋានដ៏រឹងមាំរបស់ក្រុមបះបោរមូស្លីមដ៏ធំបំផុតនោះ មនុស្ស២០នាក់បានសម្រុកចូលទៅក្នុងមណ្ឌលបោះឆ្នោត ហើយបានដណ្ដើមយកម៉ាស៊ីនបោះឆ្នោតទៅបាត់។
ជាមួយគ្នានោះអ្នកនាំពាក្យប៉ូលិសខេត្ត Abra លោក Marcy Grace Marron បានប្រាប់ថាប៉ូលិសបានចាប់ខ្លួនបុរស២នាក់និងស្ត្រី២នាក់រួមទាំងកាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារគ្នានៅ Lagayan ដែលជាទីក្រុងសម្បូរទៅដោយជួរភ្នំ ស្ថិតនៅចម្ងាយ៣៥០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីម៉ានីល៕