នាយករដ្ឋមន្រ្តីព្រមាន​ថា ពណ៌​អី​ក៏ដោយ​ឲ្យ​តែ​ធ្វើ​ខុស​ចាប់​ទាំងអស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅ​ព្រឹក​មិញ​នេះ បាន​ព្រមាន​ថា ការធ្វើបដិវត្ត​ពណ៌​គឺ «​ពណ៌​អី​ក៏ដោយ ឲ្យ​តែ​ធ្វើ​ខុស​គឺ​ចាប់​ទាំងអស់ គុក​ធ្វើឡើង ដើម្បី​អ្នក​ខុស​» ។ សម្តេច​បាន​បង្ហើប​ថា​អ្នក​ឧបត្ថម្ភ​ថវិកា​បោះ​អាវ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​យុទ្ធនាការ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» គឺ​ត្រូវបាន​ស្គាល់មុខ​អស់ហើយ​។​
​ការ​មានប្រសាសន៍​ខា​ង​លើ​បែបនេះ ក្នុងឱកាស​ដែល​អញ្ជើញ​ជា​អធិបតី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​មជ្ឈមណ្ឌល​កម្សាន្ត និង​ពិព័រណ៍​កោះ​ពេជ្រ ។​
លោកនាយករដ្ឋមន្រ្តីបាន​ថ្លែង​អះអាងថា រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​សន្តិសុខ​មនុស្ស​រាប់លាន​នាក់ ត្រូវបាន​បំផ្លាញ​ដោយ​បុគ្គល ៤-៥​នាក់​នោះទេ ។ ទន្ទឹម​នោះ​សម្តេច​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វែងរក​មេធាវី​ពូកែ ដើម្បី​ការពារ​ក្តី​ដល់​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ជាប់ឃុំ​មិនអាច​ដាក់​សម្ពាធ​លើ​តុលាការ នោះទេ ។​
​លោក​បាន​សង្កត់ធ្ងន់​ថា អ្នកមាន​សិទ្ធិ​តែ​សិទ្ធិ​មាន​ព្រំប្រទល់​ជាមួយ​សិទ្ធិ​អ្នកដទៃ​អ្នក​ប្រើ​សិទ្ធិ សូមកុំ​ប្រើ​សិទ្ធិ ដើម្បី​បំពាន​អ្នកដទៃ​។ រាជរដ្ឋាភិបាល​ត្រូវការពារ​និង​រក្សា​សន្តិភាព ស្ថេរភាព ដើម្បី​ការអភិវឌ្ឍ បុគ្គល​ធ្វើ​ខុសត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ បើ​មិន​ធ្វើ​ខុស​គ្មាន​ការចាប់ខ្លួន​ទេ​។ បើ​ទាមទារ​ដោះលែង​គ្មាន​លក្ខខណ្ឌ​មិនចាំបាច់​មានច្បាប់​នោះទេ ៕

f4ce20d7-ad19-4a19-b4c5-e8be46d3bbcd