ខេត្តបន្ទាយមានជ័យ៖ពលករខ្មែររងគ្រោះចាញ់បោកមេខ្យល់លើទឹកដីថៃ បានអំពាវនាវរកការអន្តរាគមន៍ជួយពីមន្ត្រី និងសមត្ថកិច្ចកម្ពុជានោះ ត្រូវបានមន្ត្រីនិងសមត្ថកិច្ចកម្ពុជា-ថៃ ជួយយកមកដល់កម្ពុជាវិញហើយ កាលពីម៉ោង០៨យប់ថ្ងៃទី០៩ ឧសភា ២០១៦ ស្ថិតនៅតាមច្រកតំបន់ម៉ាឡៃក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពលករទាំងនេះ ១-ឈ្មោះ អូន ណាង ភេទប្រុសអាយុ៤៤ឆ្នាំ, ២-ឈ្មោះ យង់ នី ភេទប្រុស អាយុ១៤ឆ្នាំ, ០៣-ឈ្មោះ ឡុង សៀម ភេទប្រុស អាយុ៣២ឆ្នាំ, ០៤-ឈ្មោះ ប៉ូ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ទាំង៤នាក់មកពីខេត្តបាត់ដំបង, ០៥-ឈ្មោះ សូរ សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មកពីស្រុកទ្រាំង ខេត្តតាកែវ និង០៦-ឈ្មោះ ឯល សារ ភេទប្រុស អាយុ២៧ឆ្នាំ មកពីខេត្តកំពត។
ពលករទាំងនេះ ត្រូវជួយសង្គ្រោះពីស្រុកមឿង ខេត្តស្រះកែវ ដោយមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា និងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីពួកគេទំនាក់ទំនងសុំការអន្តរាគមន៍ឱ្យជួយពីមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃ។
ពលករទាំង៦នាក់បានប្រាប់ថា ពួកគេចាញ់បោកមេខ្យល់យកទៅកាប់ដើមប្រេងខ្យល់ ហើយទុកចោលថា មកយកកម្លាំងពលករបន្ថែម តែមិនឃើញវិលត្រឡប់ ធ្វើឱ្យពួកគេអត់បាយក្រហាយទឹក៣យប់៤ថ្ងៃ ខោអាវស្អុយដូចគម្រង់ ។ ពួកគេប្រាប់មន្ត្រីកម្ពុជាថាដោយសារមិនអាចស៊ូទ្រាំបាន ក៏នាំគ្នាដើរតាមដងផ្លូវឲ្យតម្រួតថៃចាប់ បន្ទាប់មកក៏មានព័ត៌មានដល់មន្ត្រីទំនាក់ទំនងកម្ពុជា-ថៃ ក៏សហការគ្នាជាមួយមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ទៅទទួលពលករទាំងនះ មកកម្ពុជាវិញត ៕