លោកអូបាម៉ាគ្រោងទៅទស្សនកិច្ចទីក្រុងហ៊ីរ៉ូស៊ីម៉ាចុងខែនេះ
អាមេរិក៖លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងដែលនឹងធ្វើដំណើរទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុនដែលជាទីតាំងអាតូមិករបស់អាមេរិកទម្លាក់គ្រាប់បែកនៅចុងសង្គ្រាមលោកលើកទីពីរនៅខែនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ប្រភពដដែលបន្តថា លោក អូបាម៉ា នឹងធ្វើដំណើរទស្សនកិច្ច ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្ស៊ូ អាបេ ទៅកាន់ទីតាំងដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។
សេតវិមាន បានរៀបរាប់ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខណៈដែលអាណត្តិទីពីររបស់លោកកំពុងឈានដល់ទីបញ្ចប់នៅក្នុងខែមករាឆ្នាំក្រោយនោះ លោក អូបាម៉ា នឹងបន្តការប្ដេជ្ញាចិត្តរបស់លោកក្នុងការស្វែងរកសន្តិភាព និងសន្តិសុខសម្រាប់ពិភពលោក ដោយគ្មានអាវុធនុយក្លេអ៊ែរ៕