ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរប្រុសស្រីចំនួន៨១នាក់ដែលបានលួចឆ្លងដែនខុសច្បាប់តាមច្រកររបៀង ដឹកនាំដោយមេខ្យល់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ តែត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន និងបានបញ្ជូនមកកម្ពុជាវិញចំនួន៣០នាក់ហើយ ពីព្រោះតែគ្មានឯកសារធ្វើការនៅទីនោះ។
លោក ប៊ុន សុខវិបុល កុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវប្រទេសថៃ បានឲ្យភ្នាក់ងារយកព័ត៌មានដឹងកាលពីយប់ថ្ងៃទី១១ ខែឧសភា ថាក្រោយពីមន្ត្រីយើងបានទទួលព័ត៌មានថា សមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនពលករខ្មែរ ប្រុសស្រីចំនួន៨១នាក់ ខណៈដែលពួកគេលួចឆ្លងដែនខុសច្បាប់ ចូលមកដីថៃតាមច្រករបៀង ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទៅ ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ យើងបានចុះទៅសួរនាំ ដើម្បីជួយអន្តរាគមន៍។
លោកបានបន្តថា ក្នុងចំណោមពលករទាំងអស់នោះ គឺមានពលករខ្លះ មានឯកសារស្នាក់នៅ ចំណែកពលករប្រុសស្រី៣០នាក់ ពុំមានឯកសារ ទើបគេបញ្ជូនមកកម្ពុជាវិញហើយ រីឯពលករខ្មែរនៅសល់ទៅធ្វើការងារ នៅក្នុងទឹកដីធម្មតាវិញដែរ។
តែទោះបីជាយ៉ាងណា គ្មានការអះអាងពីសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ថាតើពួកគេមកពីស្រុកណាឡើយ៕