រាជធានីភ្នំពេញ៖ជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់វាយស្ទើរក្ស័យ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសំរេច តែរត់មិនរួច។ ករណីនេះកើតឡើងកាលពីម៉ោង៨ និង០០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅខាងក្រោយមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គឺមាននារីម្នាក់ជាជនរងគ្រោះជិះម៉ូតូមួយគ្រឿង តាមណ្តោយផ្លូវកម្ពុជាក្រោម លុះជិះមកដល់មុខមន្ទីរពេទ្យអង្គរធំ ក៏មានជនល្មើស២នាក់ជិះម៉ូតូមួយគ្រឿងមកតាមក្រោយ ស្រាប់តែជិះមកក្បែរនាងជនសង្ស័យទាំង២រូបនោះ បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានតែម្តង បន្ទាប់ពីឆក់បានហើយនារីរងគ្រោះស្រែកថា ចោរៗ ក៏បានអ្នកដំណើរក្បែរនោះជួយជិះម៉ូតូដេញតាមពីក្រោយ ជនសង្ស័យទាំង២នាក់នោះ រហូតមកដល់ក្រោយមន្ទីរពេទ្យលោកសង្ឃ ដោយជនសង្ស័យជាអ្នកឌុបមានការភិតភ័យ បានទម្លាក់ជនសង្ស័យម្នាក់ រួមជាមួយកាបូបដៃរបស់នារីរងគ្រោះផងដែរ រួចជិះគេចខ្លួនបាត់។
ដោយឡែក ជនសង្ស័យដែលធ្លាក់នោះត្រូវបានប្រជាពលរដ្ឋ រាប់សិបនាក់ ព្រួតវាយស្ទើរស្លាប់ តែសំណាងល្អត្រូវបានសមត្ថកិច្ច ខណ្ឌទួលគោក មកទាន់កុំអីជនសង្ស័យរូបនោះត្រូវប្រជាពលរដ្ឋ វាយស្លាប់បាត់ទៅហើយ។ បន្ទាប់មកជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកយកចេញពីកន្លែងកើតហេតុទៅសួរនាំនៅប៉ុស្តិដើម្បីបញ្ជៀសកុំអោយប្រជាពលរដ្ឋវាយ តទៅទៀត៕