រាជធានីភ្នំពេញ៖ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន១៩នាក់ត្រូវបានកម្លាំងអាវុធហត្ថជំនាញរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌទួលគោក ខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញឃាត់ខ្លួន។ ការឃាត់នេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះគ្រាដែលចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន នៅផ្ទះសំណាក់ យីហោ «O’ Yes» ស្ថិតនៅផ្ទះលេខលេខ១៧ ក្រុម២០ ភូមិ២ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្រោម បានបើកប្រតិបត្តិការ មន្ត្រីអាវុធហត្ថបានប្រាប់ថា សម្រាប់ប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យខាងលើនេះស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការ។ ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន១៩នាក់ មានស្រី៦នាក់ ដែលជាក្រុមយុវជន នាំគ្នាទៅសម្ងំជក់គ្រឿងញៀនក្នុងផ្ទះសំណាក់ខាងលើ។ ក្រៅពីការចាប់ខ្លួនជនសង្ស័យនោះ កម្លាំងអាវុធហត្ថ ក៏បានដកហូតថ្នាំញៀនមួយចំនួនធំ ហើយសមម្ភារសម្រាប់ជក់ និងប្រើប្រាស់ជាច្រើនផងដែរ។ ជាមួយគ្នានោះសម្រាប់ទីតាំផ្ទះសំណាក់ខាងលើ មិនមានអាជ្ញាប័ណ្ណមន្ទីទេសចរណ៍នោះឡើយ ហេតុដូច្នេះហើយ ព្រះរាជអាជ្ញាបានបញ្ជាឲ្យបិទតែម្តង៕