ខេត្តបាត់ដំបង៖ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់បានសម្រាលកូននៅក្នុងព្រៃ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ២០១៦ ស្ថិតនៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ តាមព័ត៌មានទទួលបានករណីខាងលើនេះ ក៏ព្រោះតែប្រពន្ធបានធ្វើដំណើរចំណាកស្រុកជាមួយស្វាមី ដើម្បីស្វែងរកការងារធ្វើនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ។ ស្ត្រីរូបនោះ ឈ្មោះ ឆូយ វន អាយុ៣៣ឆ្នាំ រស់នៅស្រុកសំឡូត។
តាមព័ត៌មានគឺ ស្ត្រីរូបនេះមានផ្ទៃពោះជិតគ្រប់ខែទៅហើយ តែគាត់បានសុំស្វាមីទៅជាមួយ ពេលស្វាមីត្រូវចាកចេញពីផ្ទះ ដើម្បីស្វែងរកការងារធ្វើ។ ប៉ុន្តែការសម្រេចធ្វើចំណាកស្រុកចោលកូនប្រុស-ស្រី៥នាក់នៅចាំផ្ទះនេះ មិនទាន់បានប៉ុន្មានថ្ងៃ និងមិនទាន់បានការងារធ្វើផង ស្រាប់តែប្រពន្ធសម្រាលកូនឆ្លងទន្លេនៅក្នុងព្រៃជាប់ព្រំដែនថៃ តែម្តង។
បើតាមអ្នកស្រុកថា ក្រោយពីដឹងរឿងនេះ ត្រូវប្រជាពលរដ្ឋបាននាំគ្នាជួយជ្រោមជ្រែងយ៉ាងខ្លាំង ទាំងការទំនាក់ទំនងហៅគ្រូពេទ្យ ទាំងការជួយឧបត្ថម្ភជាថវិកា ដោយសារតែឃើញគ្រួសារប្ដីប្រពន្ធនេះ ក្រីក្រនិងកំសត់ខ្លាំងពេក។
ប្រជាពលរដ្ឋបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រុមគ្រូពេទ្យបានចុះទៅជួយសង្គ្រោះស្ត្រីខាងលើនេះភ្លាមៗដែរ ហើយបានប្រឹងប្រែងជួយស្ត្រីរងគ្រោះឱ្យរួចផុតពីគ្រោះថ្នាក់។ បើតាមគ្រូពេទ្យថា ស្ត្រីរូបនេះ សម្រាលបានកូនស្រី ដែលមានសុខភាពល្អទាំងម្ដាយទាំងកូន ដែលពេលនេះកំពុងស្ថិតក្រោមការព្យាបាលរបស់គ្រូពេទ្យនៅឡើយ៕