ប្រជាពលរដ្ឋ​១៣៤​គ្រួសារ​សុំអោយ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​បញ្ហាដីធ្លី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

ខេត្តបាត់ដំបង​៖​ប្រជាពលរដ្ឋ​ចំនួន​១៣៤​គ្រួសារ រស់នៅក្នុង​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ស្នើរ​សុំ​ដល់​អាជ្ញាធរខេត្ត​បាត់ដំបង ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគាត់ ដែល​ធ្លាប់បាន​អាស្រ័យ​ផល​៨​ឆ្នាំ​មកហើយ​។​
​លោក​យួ​ម យឿ​ប អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​តា​នួ​ត ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ បាន​រៀបរាប់​អោយដឹង​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា ដី​អាស្រ័យ​ផល​របស់លោក​ចំនួន​២​ហិកតា​នៅខាងមុខ​ផ្ទះ​ដែល​លោក​បាន​ដាំ​ដុះ​ដំណាំ​តាំងពី​យូ​មកហើយ​គឺ​រយះពេល​ប្រមាណ​៨​ឆ្នាំទៅ​១០​ឆ្នាំ មកនេះ​ត្រូវបាន លោក សង ថន រារាំង​មិនអោយ​ធ្វើជា​បន្ដរ​បន្ទាប់​ដោយ​អះអាងថា​ជា​ដី​របស់លោក រហូត​ប្ដឹង​ពួកលោក​ទៅ​តុលាការ​ម្ដង​ជា​២​ដង ពួកលោក​និង​ប្រជាពលរដ្ឋ​ដ៍ទៃទៀត​មិន​ចេញ​ទៅណា​ឡើយ សុខចិត្ត​ជាប់គុក​ឬ​ស្លាប់ តែ​មិន​សុខចិត្ត​អោយ​ប្រពន្ធ កូនចៅ​ដាច់ពោះ​ស្លាប់​ដោយសារ​អត់​មាន​បាយ​ហូប​នោះទេ​។​
​លោក​បន្ដថា​៖ លោក​និង​ប្រជាពលរដ្ឋ​ឯទៀត​មិនបាន​ចូល​ដាំ​ដំណាំ​លើដី​របស់លោក​សង ថន​ឡើយ ផ្ទ​យ​ទៅវិញ​ពួកគាត់​បានធ្វើ​ការដាំដុះ​តែ​នៅ​លើដី​របស់​ពួកគាត់​តែប៉ុណ្ណោះ ដែល​ក្នុង​មួយ​គ្រួសារៗ​មាន​ដី​ចំនួន​ពី​២​ទៅ​៣​ហិកតា​បានធ្វើ​ស្រែ​និង​ចំការ​រហូតមក តែបើ​លោក​សង ថន អះអាងថា​ដី​របស់លោក​ម្ដេច​មិន​ហាមឃាត់​ពួកគាត់​តាំងពី​ចាប់ផ្តើម​ធ្វើ​តាំងពី​ដំបូង​មក​កាលពី​១០​ឆ្នាំមុន​។​
អាជ្ញាធរ​មូលដ្ឋាន​បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ផ្ទៃដី​ដែល​មានប​ណ្ណ័​គ្រប់គ្រង​របស់​អតីត​លោក​ឧ​ញ្ញ៉ា​សង សន គឺ​មានតែ​នៅតែ​តំបន់​កុយ វែង​ដែលមាន​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ តែ​បែរជា​លោក​សង ថន បំប៉ោង​ប្លង់ បំពាន​ឈូសឆាយ​ចូល​លើដី​ប្រជាពលរដ្ឋ​ធ្លាប់ធ្វើ​រាល់ៗ​ឆ្នាំ​ទៅវិញ​។​
​អ្នកស្រី យឿ​ក សុផល អាយុ​៤៦​ឆ្នាំ បានអោយដឹង​ដែរ​ថា កាលពី​ថ្ងៃទី​០៩ ខែឧសភា​កន្លងមកនេះ លោក​សង ថន និង​បក្សពួក​កូនចៅ​បាន​ចូលមក​រារាំង​មិនអោយ​ពួកគាត់​ចុះ​ភ្ជួរ​រាស់​ទៀត បើ​បែបនេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​នេះ​បាន​អី​ចិញ្ចឹមជីវិត ព្រោះ​ក្រៅពី​មុខរបរ​ដាំ​ដុះ​ដំណាំ​កសិកម្ម ពួកគាត់​មិនមាន​ការងារ​អ្វី​ផ្សេង​ឡើយ​។
​បញ្ហា​ទំនាស់​ដីធ្លី​ខាងលើនេះ​ពលរដ្ឋ​បាន​លើកឡើងថា ក្នុង​រយៈពេល​កំពុង​ទំនាស់ លោក​សង ថន បាន​ប្រើពាក្យ​គំរាម​ពលរដ្ឋ​ថា ប្រយ័ត្ន​ប្ដី​មិន​រស់​(​ងាប់​ចោល​ប្រពន្ធ​កូន​)​បើ​នៅតែ​បន្ត​ចូលធ្វើ​លើដី​របស់លោក​ទៀត​។​
លោកស្រី​បាន​រៀបរាប់​ទាំង​ទឹកមុខ​អួលអាក់​ថា​៖ ពួកគាត់​រស់នៅ​លើ​ទីតាំង​នេះ​ជា​យូរ​មកហើយ​ដោយមាន​ជីវភាព​ក្រលំបាក​ណាស់ ខែវស្សា​ធ្វើ​ស្រូវ​មិនបាន​ផល ហើយ​ខែប្រាំង​វិញ​ដំណាំ​ចំការ​និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ត្រូវ​ក្រៀម​ស្វិត ហួតហែង​គ្មាន​ទឹក​ប្រើប្រាស់ និង​ស្រោចស្រប​ឡើយ​មានតែ​ផ្ទៃដី​ស្រែចំការ​ប៉ុន្មាន​ហិកតា​ប៉ុណ្ណោះ​ដែល​អាស្រ័យ​ផល​តាំងពី​២០០៨​មក តែ​ពេលនេះ​ត្រូវបាន​អតីត លោក​ឧកញ៉ា​សង ថន អះអាងថា​ជា​ដី​របស់គាត់​ទៀ​តខ​ណះ​ដែល​លោក​ឧកញ៉ា រូបនេះ​មាន​ដី​រាប់ពាន់​ហិកតា​ហើយ​នៅមាន​ចិត្ត​លោភលន់​ចង់​មាន ចង់បាន​លើ​អ្នកក្រ​ទៀត​។​
បញ្ហា​នេះ​ត្រូវបាន​អតីត លោក​ឧកញ៉ា​សង ថន បាន​បំភ្លឺថា​៖ ដី​ដែលមាន​បញ្ហា​នេះ​លោក​បាន​ទិញ​ពី​ឃុំ​ចំនួន​២០០​ហិកតា​កាលពី​ឆ្នាំ​២០០០​មាន​លេខ​កូត​កាត់ចេញ​ជម្រក​ព្រៃឈើ​អស់ហើយ ប៉ុន្ដែ​នៅ​មិនទាន់​ដឹង​ចំនួន​ប៉ុន្មាន​ហិកតា​ច្បាស់លាស់​ព្រោះ​នៅ​មិនទាន់​កាត់​ចំណី​ភ្នំ​និង​ចំណីផ្លូវ​នៅឡើយ ក្រោយ​មានការ​វាស់វែង​ហើយ​ទើប​ដឹង​ប៉ុន្មាន​ហិកតា​ច្បាស់លាស់​។ លោក​បន្តថា​ពួកគាត់​មិនបាន​លួច​ដី​ពលរដ្ឋ​ទេ គឺ​ពលរដ្ឋ​ទៅវិញ​ទេ​ដែល​នាំគ្នា​ចូលមក​ធ្វើ​រំលោភ​លើដី​របស់លោក ហើយ​បញ្ហារ​ដែលថា​លោក​បាន​ប្រើពាក្យ​គំរាម កំហែង​ទៅ​ពលរដ្ឋ​នោះ​គឺ​មិនមាន​ទេ លោ​កថា​អ្វីៗ​ដោះស្រាយ​តាមច្បាប់​។​
​ចំណែក​លោក​យី​វ សំអាត មេឃុំ​ព្រះ​ផុស​បានអោយដឹង​ក្រុម​អ្នកសារព័ត៌មាន​យើង​ដឹងថា​៖ បញ្ហា​ខាងលើ​ផ្ទុះ​ឡើងមក​យូរហើយ ហើយ​កំពុង​ឋិត​នៅក្នុង​ការគិតគូរ​រក​ដំណោះស្រាយ​ដែរ លោក​ក៍​ធ្លាប់បាន​ប្រាប់​អោយ​ប្រជាពលរដ្ឋ​របស់លោក​ដែលមាន​ការពាក់​ព​ន្ធ័​ទាំង​១៣១​គ្រួសារ​អោយមាន​ការអត់ធ្មត់​ប​ន្ដិ​ច​សិន​រង់ចាំ​ឱកាស​សមស្រប​ណាមួយ​អាច​និង​មានការ​ដោះស្រាយបាន ។ លោ​កថា​ចំណែក​ឯខាង​ភាគី លោក​សង ថន មិនគួរណា​ដើរ​បង្ករ​រឿង ចោល​ពាក្យសម្តី​ខ្លះ ធ្វើអោយមាន​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ស្លូតត្រង់​ដូច្នេះ​ឡើយ​៕ ប៉ែន​សុផល​

index4513