ខេត្តប៉ៃលិន៖ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានភ្លៀងលាយឡំ ដោយខ្យល់កន្ត្រាក់បុកប៉ើងដំបូលខូចខាតធ្ងន់ធ្ងរ ក្នុងនោះរលំដួលទាំង ស្រុងចំនួន១ខ្នង ស្ថិតនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ខណៈដែលបាតុភូតរន្ទះបាញ់ បណ្តាលឱ្យងាប់សត្វគោអស់ចំនួន៣ក្បាល នៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ តែសំណាងល្អ មិនបណ្តាលឱ្យមនុស្សណាម្នាក់នៅក្បែរនោះទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទាំងពីរខាងលើ។
ប្រភពព័ត៌មានពីលោក ជុំ វឿន នាយប៉ុស្តិ៍នគរបាលស្ទឹងកាច់ បានឱ្យដឹងថា កាលពីវេ លាម៉ោង១២ថ្ងៃត្រង់ គេសង្កេតឃើញផ្ទៃមេឃប្រែក្លាយទៅខ្មៅអួរអាប់ បង្កជាភ្លៀងលាយដោ យខ្យល់កន្ត្រាក់បក់បោកមកពីទិសខាងលិច បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ចំនួន៣ខ្នង ក្នុងនោះរលំដួលទាំងស្រុងចំនួន១ខ្នង តែមិនបណ្តាលឱ្យរងរ បួសនោះទេ។
លោកបានបន្តទៀតថា ហើយចំពេលជាមួយគ្នានោះដែរ ស្រាប់តែមានផ្លេក បន្ទោរនិងផ្គរលាន់ បង្កទៅជារន្ទះបាញ់ទៅលើដើមឈើ១ដើម ដែលអ្នកភូមិយកគោទៅចងនៅក្បែរនោះ បណ្តាលឱ្យងាប់អស់ចំនួន៣ក្បាល ព្រមទាំងបាញ់ចំបង្គោលខ្សែភ្លើង១ដើម ធ្វើឱ្យ ដាច់ភ្លើងអគ្គិសនីមួយរយៈពេលផងដែរ។ លោកបញ្ជាក់ទៀតថា ពេលនោះសមត្ថកិច្ចចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានរកឃើញកាំភ្លើង អាកាស្វាយបត់ចាស់ច្រេះស៊ី១ដើម កប់ ក្នុងដីនៅក្បែរកន្លែងនោះដែរ។
ក្រោយមក ខាងអាជ្ញាធរភូមិ បានចុះទៅត្រួតពិនិត្យ ដល់ផ្ទះប្រជាពលរដ្ឋ និង រាយការណ៍ជូនកាកបាទក្រហមសាខាខេត្ត ដើម្បីងាយស្រួល រៀបចំជាអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់មួយនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីគ្រោះធម្មជាតិរាំងស្ងួត ខ្វះខាតទឹកទទួលទាន និងប្រើប្រាស់ កាលពីថ្មីៗកន្លងមក រហូតមកដល់ ពេលនេះ ក៏ជួបប្រទះនឹងបញ្ហាគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ និងរន្ទះបាញ់។ នៅដើមឆ្នាំ២០១៦នេះ ក្នុងខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សស្លា ប់ចំនួន៣នាក់ ដោយសារតែរន្ទះបាញ់ពេលមេឃភ្លៀង ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ក៏ដូចជាខេត្តនានាមានការប្រុងប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងឬខ្យល់ ត្រូវចូលជ្រកនៅកន្លែងមានសុវត្ថិភាពសមរម្យ ដើម្បីបង្ការបញ្ហា គ្រោះថ្នាក់បណ្តាលឱ្យបាត់បង់អាយុជីវិតផងដែរ៕