ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋបានអោយដឹងថា អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទះឈើមួយខ្នងនៅសល់តែផេះដោយសារកម្ទេចភ្លើងឆេះព្រៃធ្លាក់លើ គ្រាដែលម្ចាស់មិននៅផ្ទះដើរស៊ីឈ្នួលធ្វើចំការអ្នកស្រុក។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង០៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ត្រង់ចំណុចអន្លង់វិល ភូមិអូរជាំក្រោម ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ផ្ទះដែលរងការឆាបឆេះខ្ទេចទាំងស្រុងនេះធ្វើអំពីឈើ ប្រក់ស្បូវ ទំហំ៤ម៉ែត្រគុណ៧ម៉ែត្រ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ខាំ ជៀន ភេទប្រុស អាយុ៦៥ឆ្នាំនិងប្រពន្ធឈ្មោះពេជ្រ រ៉េត អាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែចំការនិងជាកម្មករ រស់នៅកន្លែងកើតហេតុខាងលើ ទំហំទ្រព្យសម្បត្តិដែលបាត់បង់មានប្រាក់រៀលចំនួន៦០.០០០០រៀល ទូរសព្ទ័ដៃ ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង កង់១គ្រឿង អង្ករមួយចំនួននិងសម្ភារៈមួយចំនួនទៀត៕