​ឡាន​មន្ត្រី​អង្គការ​បរិស្ថាន​បើកប្រដេញ​ដឹកឈើ​១​គ្រឿង ក្រឡាប់​ទាំងអស់គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2016 ក+ ក-

​ដោយ សហការី​

​ក្រចេះ​៖ រថយន្ត​សាំ​យ៉ុង ដឹកឈើ​អារ ប្រភេទ​ក្ដា មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក​ពេញទំហឹង​នឹង​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​ទៀត បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ខណៈដែល​ព្យាយាម​បើក​រត់គេច​ពី​រថយន្ត​មន្ត្រី​អង្គការ និង​រថយន្ត​របស់​កូនលោក​មេបញ្ជាការរង​អាវុធហត្ថ ស្រុក​សំបូរ​ម្នាក់ ដែលគេដឹងថា ជាទម្លាប់នៃការ​តាម​ប្រដេញ​ជំរិត​ទារ​ប្រាក់ តែម្តងនេះ ​មិនបាន​សម្រេច​បណ្ដាលអោយ​រថយន្ត ៣​គ្រឿង បុក​គ្នា​រេ​ធ្លាក់​ពីលើ​ផ្លូវ​ទៅក្នុង​ស្នាមភ្លោះ ចំណែកឯ​រថយន្ត​រប​ស់​កូនលោក​មេបញ្ជាការរង​អាវុធហត្ថ ស្រុក​សំបូរ​ម្នាក់ បានបន្ត​បើក​រត់គេច​បាត់​។​

​ហេតុ​ការណ៍​គួរឲ្យភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៧ ចំណុច​ប្រសាទ​ប្រាំ ឋិត​នៅក្នុង​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។​

​រថយន្ត​បង្ក ដែល​បើក​ប្រដេញ​តាម​ពីក្រោយ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​អារ ប្រភេទ​ក្ដារ​នោះ មាន ២​គ្រឿង គឺមាន​រថយន្ត​ម៉ាក ហាយ​វ័រ​រីត ដែល​ត្រូវបាន​គេ​ស្គាល់​ថា បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ អ៊ំ ផានិត ត្រូវជា​កូនបង្កើត​ប្រុស​របស់ លោក អ៊ំ មន្នី​រឹទ្ធ ដែលជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ និង​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក កាមរី​គូទ​ហើម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-0184 បើកបរ​ដោយ​បុរស​ឈ្មោះ ស៊ឹង គឹម​ស៊ារ ជា​នាយករង​ទី​១ សាខា​ខេត្តក្រចេះ អត្ត​លេស 153002 អង្គភាព អង្គ​ការចុះ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន​។​

​ចំណែក​ឯខាង​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​អារ​ក្ដា​នោះ​វិញ ដោយសារ​មានការ​ភ័យខ្លាច បាន​ព្យាយាម​បើករថយន្ត​រត់គេច​ពី​រថយន្ត​តាម​ប្រដេញ​ទាំងនោះ ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ផ្ទុយគ្នា ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​រថយន្ត​ទាំងនោះ ធ្លាក់​ទៅក្នុង​ស្នាមភ្លោះ និង​មនុស្ស​ប្រុស​ស​ស្រី ៣​នាក់​រងរបួស​ស្រាល​។ រីឯ​រថយន្ត​ម៉ាក កាមរី​ហើម ដែល​បើក​តាម​ប្រដេញ​មកពី​ក្រោយ​នោះ ក៏បាន​វ៉ា​ក់​អើ​គ្នា ហើយ​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ស្នាមភ្លោះ​ទៅមុខ​លែង​រួម​ដូចគ្នា ហើយ​អ្នកបើកបរ​ក៏បាន​រត់​គេចខ្លួនបាត់ ចំណែកឯ​រថយន្ត ម៉ាក ហាយ​វ័រ​រីត ដែល​បើក​ដោយ​លោក អ៊ំ ផានិត ដែល​ត្រូវជា​កូន​របស់លោក អ៊ំ មន្នី​រឹទ្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ ក៏បាន​បើក​រត់គេច​បាត់ ។​

​ជនរងគ្រោះ​ទាំង ៣​នាក់​នោះ ទី​១ ឈ្មោះ ប៉ក ណា​រឹន ភេទ​ស្រី អាយុ ៣៩​ឆ្នាំ ទី​២ ឈ្មោះ កូយ សំអឿន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ និង​ទី​៣ ឈ្មោះ កូយ សារូ​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនរងគ្រោះ​ទាំង ៣​នាក់ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រងរបួស​ស្រាល​។​

​មន្ត្រីជំនាញមួយរូប បាន​បង្ហើប​ឲ្យ​ដឹងថា លោក ស៊ឹង គឹម​ស៊ារ នៅ​អង្គការ ចុះ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន និង​បុរស​ឈ្មោះ អ៊ំ ផានិត គ្មាន​តួនាទី គ្មាន​ភារកិច្ច ហើយ​ជា​ប្រជាពលរដ្ឋ ជា​ជន​សាមញ្ញ ប៉ុន្តែ​ដែលជា​និច្ចកាល បុរស​ទាំង២​នាក់​ខាងលើនេះ តែងតែ​ដើរ​បង្ករ​ព្យុះភ្លៀង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ ដោយ​ដាក់​កុងត្រូលជជុះ ចាំ​យកលុយ​ពី​រថយន្ត​ដឹកឈើ​អារ​ក្ដា ដឹកឈើ​អារ​ជន្ល​ង​ម្រេច គ្រប់​ប្រភេទ យ៉ាង​ចាស់ៗ​ដៃ​តែម្ដង ដោយ​អាង​លើ​បុណ្យ​សក្តិ និង​ធ្វើ​សេដ្ឋកិច្ច​អោយរ​បស់​ឳ​ពុក​ខ្លួន ដែលជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ​។

ជាក់​ស្ដែង ដូច​នៅក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាច​ខាងលើនេះ គឺ​កើតឡើង​ដោយសារតែ ការបើក​រថយន្ត​តាម​ប្រដេញ​យកលុយ​ពី​សំណាក់​គ្នា​គ្នី និង​ក្រុម​របស់លោក ដែលមាន​ដូចជា​ឈ្មោះ ស៊ឹង គឹម​ស៊ារ នាយករង​ទី​១ នៃ​អង្គការ ចុះ​ឃ្លាំមើល​សកម្មភាព​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​បរិស្ថាន សាខា​ខេត្តក្រចេះ នេះ​ជាដើម ទើប​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍ រថយន្តបុក និង​ក្រឡាប់​រថយន្ត ហើយ​ថែមទាំង​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​យ៉ាង​ដូច្នេះ​៕

1((1((21!11!21!41!31!5