ខេត្តក្រចេះ៖ដោយមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍ខេត្ត មានការរីកចំរើន មានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីលើកកម្ពស់មុខមាត់សោភ័ណ្ឌភាព និងបរិស្ថានខេត្តឲ្យកាន់តែមានភាពទាក់ទាញខ្លាំងឡើងមួយកម្រិតថែមទៀត។ ជាពិសេស គឺការការពារ ការបាក់ដីច្រាំងទន្លេ ដែលជាហេតុបណ្ដាលឲ្យមានការខូចខាត និងប៉ះពាល់ដល់សម្បត្តិ៍សាធារណៈ ដូចជា ផ្លូវ និងអគារដែលនៅតាមមាត់ទន្លេជាដើម។
អាជ្ញាធរខេត្តក្រចេះ ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាសេនាធិការ ក្នុងការរៀបចំ និងកំពុងស្ថាបនាសាងសង់ឃឿនច្រាំងទន្លេមេគង្គបន្ត ដោយមានប្រវែង ១៤០ម៉ែត្រ ចាប់ពីផែនលើដល់មុខសណ្ឋាគារដូលហ្វីន និងបន្តពីមុខសាលាខេត្តក្រចេះ ដែលថវិកាទាំងនេះ ជាថវិការបស់សាលាខេត្តក្រចេះ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ លោក ហេង រត្ន័មូនីដា បានឲ្យអោយដឹងថា ខេត្តក្រចេះ គឺជាខេត្តមួយដែលមានភូមិសាស្ត្រ នៅជាប់នឹងដងទន្លេមេគង្គ ចំពោះការងារសាងសង់ឃឿនច្រាំងទន្លេនេះ បានចាប់ដំណើរការរយៈពេល១០ឆ្នាំមកហើយ ដែលខេត្តកសាងសម្រេចប្រវែង ២ពាន់ម៉ែត្រ ដោយក្នុងមួយឆ្នាំៗកសាងបានប្រវែងជាង១០០ម៉ែត្រ។
លោកបានបន្តថា ការដ្ឋានដែលកំពុងដំណើរការសាងសង់នេះ គឺជាលើកទី១០ មានប្រវែង១៤០ម៉ែត្រ ដែលជាថវិការរបស់សាលាខេត្ត ដោយមានមន្ទីរធនធានទឹក ជាជំនួយការ និងជាអ្នកសិក្សាចេញប្លង់ក្នុងការសាងសង់ឃឿនច្រាំងទន្លេមេគង្គ។
ទន្ទឹមនឹងការសាងសង់ឃឿនច្រាំងទន្លេនោះដែរ គេសង្គេតឃើញថា គឺវាមិនត្រឹមតែជាឃឿនការពារដ៏រឹងម៉ាំមិនឲ្យបាក់ដីច្រាំងទន្លេប៉ុណ្ណោះទេ ប៉ុន្តែជាជ្រុងមួយដ៏សំខាន់នៃវិស័យទេសចរណ៍ខេត្ត ដែលមានភាពទាក់ទាញថែមទៀតផង។
ការសាងសង់ច្រាំងទន្លេនេះ គឺពិតជាផ្ដល់នូវអត្ថប្រយោន៍សំខាន់ចំពោះខេត្ត ដោយលោក ហេង រត្ន័មូនីដា លើកឡើងបន្តថា ទី១ ការពារការបាក់ដីច្រាំងទន្លេ ការពារហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ និងអគារ ដែលនៅតាមដងទន្លេ, ទី២ ក្រោយពេលដែលសាងសង់ហើយ វាជាតំបន់ទេចរណ៍ ដោយរៀងរាលថ្ងៃ នៅពេលព្រឹក និងពេលល្ងាច គេសង្កេតឃើញមានប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ តែងតែអង្គុយលេង និងហាត់ប្រាណ ព្រមទាំងផ្ដិតយករូបភាពនៅពេលថ្ងៃលិច និងគយគន់ទស្សនាទេសភាពកោះទ្រង់ ដែលនៅទល់មុខនឹងទីរួមខេត្ត។
លោក បានបញ្ជាក់ថា យោងតាមចក្ខុវិស័យរបស់ខេត្ត ក្រោមការដឹកនាំរបស់លោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្ត ខេត្ត មានគម្រោងសាងសង់ឃឿនច្រាំងទន្លេមេគង្គបន្ត ជារៀងរាល់ឆ្នាំ ទៅតាមលទ្ធភាពនៃកញ្ចប់ថវិការបស់សាលាខេត្ត។
គួរំលឹកថា ចាប់តាំងពីលោក សរ ចំរុង ឡើងកាន់តំណែងជាអភិបាលខេត្តក្រចេះមក ឃើញថា ខេត្តក្រចេះ គឺមានការរីកចម្រើនគួរឲ្យគត់សម្គាល់៕សហការី