បក្សប្រឆាំង​បញ្ចប់​សមាជិកភាព​ឈ្មោះ Brady Young នៅ​ទីក្រុង​ឡុង​ប៊ិច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​លិខិត ដែល​ចុះហត្ថលេខា​ដោយ លោក កឹម សុខា ប្រធានស្តីទី CNRP បាន​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​បញ្ចប់​សមាជិក​ភាព​លោក យ៉ង ណុ​យ ខណដែល​ឈ្មោះ​ក្នុង Facebook ដាក់ថា Brady Young នៅ​ទីក្រុង​ឡុង​ប៊ិច ខណៈដែល​ការសម្រេច​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ឈ្មោះ Brady Young ប្រធាន​ក្រុមគាំទ្រ CNRP បាន​ចោទប្រកាន់​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច ហ៊ុន សែន ថា ជា​កូន​មេដឹកនាំ​វៀតណាម ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
​ទោះបីជា លិខិត​បដិសេធ​របស់​លោក កឹម សុខា ដែល​អ្នកសារព័ត៌មាន​ទទួលបាន​មិនទាន់មាន​ការបញ្ជាក់​ពី​ថ្នាក់ដឹកនាំ​ឬ​មន្ត្រីជាន់ខ្ពស់ CNRP ក៏ដោយ ប៉ុន្តែ​ប្រភព​ជាច្រើន​អះអាងថា លិខិត​ខាងលើនេះ គឺ​ត្រឹមត្រូវ​និង​ផ្លូវការ​ហើយ ។​
​សម្តេច ហ៊ុន សែន ធ្លាប់បាន ប្រតិកម្ម​ចំពោះ​អ្នក​ចោទប្រកាន់ថា លោក ហ៊ុន ម៉ា​ណែ​ត ជា​កូន​វៀតណាម មិនមែនជា​កូន​របស់​សម្តេច​នោះទេ ហើយ​រហូត លោក​“​ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​ទាមទារ​ឲ្យ​ពិនិត្យ DNA ថែមទៀត ។​
​ក្រោយពី​ប្រតិកម្ម របស់​សម្តេច​តេ​ជោ ភាគី គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ មួយ​កាលពី​ថ្ងៃទី​១២ ឧសភា ដោយ​បដិសេធ​ចំពោះ ការចោទប្រកាន់​ណាមួយ មកលើ​គណបក្ស​ខ្លួន​ដែលថា ជា​អ្នក​ប្រឌិត​ព័ត៌មាន​ថា កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​កូនប្រុស​មេដឹកនាំ​វៀតណាម ៕

7b3a9ff44a62193adf07f2abbb4c02e8