ខេត្តរតនគិរី៖ឈើប្រណីតប្រភេទធ្នុងមួយរថយន្តសាំយ៉ុងអត់ស្លាកលេខដែលឈ្មួញមិនស្គាល់ឈ្មោះដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី តាមផ្លូវជាតិលេខ៧៨ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ពួនស្ទាក់ និងបង្ក្រាបបានភ្លាមៗ។
តាមការឲ្យដឹងពីលោក នូវ ដារ៉ា ប្រធានការិយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១១ និង១០នាទយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៦នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្តិតនៅក្នុងភូមិសឹក ឃុំតាអង ស្រុកកូនមុំ ហើយម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។
លោកបន្តទៀតថា មុននឹងឈានទៅធ្វើការបង្ក្រាបបានរថយន្តដឹកឈើប្រណិតខាងលើនេះ ដោយសារការយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ច និងសហការល្អជាមួយភ្នាងារសំងាត់ក្នុងការទប់ស្កាត់រាល់បទល្មើសផ្សេងៗជាពិសេសបទល្មើសព្រៃឈើ។
បច្ចុប្បន្នទាំងរថយន្ត និងឈើប្រណីតកម្លាំងសមត្តកិច្ចបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ។ ជំនាញរដ្ឋបាលព្រៃឈើធ្វើការរាប់ចំនួនឈើដែលបង្ក្រាបបានមុខកាត់ចម្រុះ សារុបទាំងអស់៩៤ដុំស្មើនឹង១.០១៥ម៉ែត្រគូប៕