ខេត្តក្រចេះ៖ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធកម្ពុជា បានស្នើឲ្យអាជ្ញាធរ មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គិតគូចំពោះសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធ ដោយមិនត្រូវបោះបង់ ឬ ទុកពួកគាត់ចោលឡើយ។
ឯកឧត្តម បានថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធកម្ពុជា ខេត្តក្រចេះ ប្រមាណជា ២រយនាក់ នៅសាលបហោស្រពខេត្តកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ដោយមានការអញ្ចើញចូលរួមជាគណអធិបតីពីឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក អភិបាលរងខេត្តស្ដីទី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានមានប្រសាសន៍បន្តថា កិច្ចដំណើរការ នៃការបង្កើតសមាគមនអតីតយុទ្ធជនកម្ពុជានេះ បានចាប់ផ្ដើមរយៈពេល៦ខែមកហើយ ដោយកងយោធពលខេមរភូមិន្ទ ជាអគ្គលេខាធិការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធកម្ពុជា ព្រោះវាមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងនៅជិតបំផុតតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមន អតីតយុទ្ធកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែនឹករលឹក និងគិតគូយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រជាជនណាកម្នាក់ដេកស្លាប់ដោយអត់អាហារនោះឡើយ។
ឯកឧត្តម ក៏បានធ្វើកោតសរសើរដល់ សមាគមនអតីតយុទ្ធជនកម្ពុជា ខេត្តក្រចេះ ដែលមានឯកឧត្តម អភិបាលខេត្តជាប្រធាន មន្ទីរសង្គមកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត ជាលេខាធិការ ក្នុងរយៈពេលកន្លងទៅ បានជួយដោះស្រាយ និងជួយសម្រួលដល់ជីវភាពរបស់សមាជិកសមាគមនអតីតយុទ្ធ ដែលមានជីវភាពខ្វះខាតទីទល់ក្រ និងជួបការលំបាកបានទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានមានប្រសាសន៍សង្កត់ធ្ងន់ថា អាជ្ញាធរ មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើឲ្យបាននូវប័ណ្ណក្រីក្រជូនក្រុមគ្រួសារអតីតយុទ្ធកម្ពុជាឲ្យបានគ្រប់ៗគ្នា ជាពិសេសមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងប៉ុស្ដិ៍មណ្ឌលសុខភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយមិនបាប់យកប្រាក់។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធកម្ពុជា បានអញ្ចើញប្រគល់អំណោយជានិមិត្តរូបដល់អតីតយុទ្ធជន ចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិការ៥ម៉ឺនរៀល សារ៉ុង១ និងមី ១កេសផងដែរ៕ដោយ ប្រុស វិធិន