អាមេរិក៖អនុរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក Adam Szubin បានថ្លែងថា សហរដ្ឋអាមេរិកនឹងលើកលែងទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា ដែលដឹកនាំដោយរដ្ឋាភិបាលស៊ីវិលមួយរបស់លោកស្រី អ៊ុង សានស៊ូជី។ នេះបើយោងតាមសារព័ត៌មាន Channel News Asiaនៅមុននេះបន្តិច។
លោក Szubin បន្តថា ការផ្លាស់ប្ដូរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី និងគណបក្សរបស់លោកស្រីកាលពីឆ្នាំមុននោះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រ។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះអាមេរិកក៏បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងដល់ដំណើររីកចម្រើនខាងនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
គួរបញ្ជាក់ថា សេចក្ដីសម្រេចនេះក៏បានលុបចោលទណ្ឌកម្មទៅលើធនាគារបី ដែលបើកផ្លូវឲ្យពលរដ្ឋអាមេរិកអាចធ្វើពាណិជ្ជកម្មតាមធនាគារណាមួយនៅក្នុងប្រទេសនេះ៕