ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិតជូនដំណឹងមួយទៅឲ្យលោក រ៉ុង ឈុន សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ. ប)ដោយបញ្ជាក់ថា ចៅក្រមស៊ើបសួរបានបញ្ជូន សំណុំរឿងរបស់លោករ៉ុង ឈុន ទៅជំនុំជម្រះពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេង ដែលកើតឡើងតាំងពីដើម ខែមករា ឆ្នាំ២០១៤។
លិខិតជូនដំណឹងដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរលោក សាន សុផាត ចុះថ្ងៃទី២៦ ខែមេសា ហើយទើបធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃនេះ មិនបានបញ្ជាក់ពីអង្គសេចក្តីនោះឡើយ ដោយគ្រាន់ តែបញ្ជាក់ថា ជាសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃ ទី៨ ខែមករា ឆ្នាំ២០១៤។
លោក រ៉ុង ឈុន អតីតប្រធានសហភាពសហជីពកម្ពុជា ដែលត្រូវបានជ្រើសរើសដោយគណបក្ស សង្គ្រោះជាតិ ឲ្យក្លាយជាសមាជិក គ.ជ.ប ម្នាក់ក្នុងចំណោម ៩នាក់ បានប្រាប់ឲ្យដឹងថា លោកទទួលបាន លិខិតនេះ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ។ លោក រ៉ុង ឈុន បន្តថា ប្រសិនជាតុលាការអនុវត្តតាមវិជ្ជា ជីវៈនោះ សំណុំរឿងនេះត្រូវបានបញ្ចប់រួចយូរមកហើយ មិនបន្តយូររហូតមកទល់ពេលនេះនោះទេ។ លោក បញ្ជាក់ថា “ការពិតទៅសមាជិក គ.ជ.ប វាមិនមានអីធំដុំទេ ព្រោះគ្មានអភ័យឯកសិទ្ធិដូចតំណាងរាស្ត្រ គេចង់អូសទៅថ្មើរម៉ានក៏បានដែរ” ។
គួររំឭកថា លោក រ៉ុង ឈុន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានបក្ស ធ្លាប់ត្រូវបានចូលបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងបទញុះ ញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែមិនត្រូវបានចាប់ខ្លួន នោះទេ។ ការកោះហៅនាពេលនោះ ធ្វើឡើងនៅក្រោយពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំង សមត្ថកិច្ចរាប់រយនាក់ និងក្រុមកម្មករ ខណៈដែលប្រមូលតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី២ និងទី៣ខែមករា នៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ជាច្រើននាក់រងរបួស ។
គួរបញ្ជាក់ថាលោក រ៉ុង ឈុន បានក្លាយជាសមាជិកគ.ជ.ប កាលពីថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៥។ រហូតមដល់ពេលនេះ អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្ត្រីសង្គមស៊ីវិល ត្រូវបាន តុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាកសាក្សី ទាក់ទងនឹងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេទម្លាយថាជាស្រីកំណាន់របស់ លោក កឹម សុខា។
តាមមាត្រា១៣ នៃច្បាប់គ.ជ.ប ចែងថា ប្រធានអនុប្រធាននិងសមាជិកគ.ជ.ត្រូវអនុវត្តតួនាទីរបស់ ខ្លួន ដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាម កំហែងការបំភិតបំភ័យឬការបង្គាប់បញ្ជាដោយផ្ទាល់ឬដោយប្រហារពីបុគ្គលឬស្ថាប័នណាមួយឡើយ។ ប្រធាន អនុប្រធាន និងសមាជិកត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ តាមសំណូមពររបស់សាមីខ្លួន ក្នុងករណីចាំបាច់ ៕