អ្នកនាំពាក្យ​៖ គ​.​ជ​.​ប នឹងមិន​លូកដៃ​ក្នុង​ស្ថាប័ន​តុលាការ​រឿង​លោក នី ចរិយា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គ​.​ជ​.​ប នឹងមិន​លូកដៃ​ក្នុង​តុលាការ​នោះទេ លើ​សំណុំរឿង​លោក នី ចរិយា មន្ត្រី គ​.​ជ​.​ប ដែល​ត្រូវ​ចាប់ខ្លួន​។​
​ការលើកឡើង​ដូច្នេះ គឺ​បន្ទាប់ពី​សហភាព​អឺរ៉ុប ដែល​ស្នើ​គ​.​ជ​.​ប ឲ្យ​មាន​វិធានការ​សមរម្យ​លើ​សមាជិក​ខ្លួន​២​រូប គឺ​លោក រ៉ុង ឈុន និង​លោក នី ចរិយា ដែល​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​របស់​តុលាការ​។​
​គួររំលឹកថា កាលពី​ថ្ងៃទី​១៩ ខែឧសភា ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អា​ឡាំង វ៉ាន់​ឌឺ​មី​សិន (Alain Vandersmissen) បានបញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន ក្នុងស្រុក​មួយ​ថា សហភាព​អឺរ៉ុប​កំពុង​រង់ចាំ​មើល​ចំណាត់ការ​សមរម្យ​ពី​គ​.​ជ​.​ប ចំពោះ​មន្ត្រី​ទាំងពីរ​រូប​គឺ​លោក នី ចរិយា និង​លោក រ៉ុង ឈុន ដើម្បី​ធានាថា គ​.​ជ​.​ប បំពេញការងារ​បាន​ពេញលេញ ខណៈ​រក្សា​ជំហរ​ឯករាជ្យ​និង​សមតុល្យ​រវាង​គណបក្ស​ទាំងពីរ ដូច​បាន​យល់ព្រម​កាលពី​ឆ្នាំ​២០១៤៕

ិិិិ