ខេត្តព្រះសីហនុ៖កាលពីឆ្នាំ២០១៥កន្លងទៅកម្ពុជាទទួលបាននូវភ្ញៀវទេសចរអន្តរជាតិសរុប ៤លាន៨សែននាក់ កើនឡើង៦,១% ។ ដោយឡែកសំរាប់តំបន់ឆ្នេរសមុទ្រវិញ ក្នុងឆ្នាំ២០១៥នេះដែរមានអ្នកទៅកំសាន្តជាង៥៦ម៉ឺននាក់ កើនឡើង៨,៥% និង សំរាប់រយៈពេល៣ខែ ដើមឆ្នាំ២០១៦នេះ ឆ្នេរសមុទ្រកម្ពុជាមានអ្នកទៅកំសាន្ត ប្រមាណជាង២០ម៉ឺននាក់ កើនឡើង៣,២% ដែលអាចចាត់ទុកថាជាកំណើនមួយ យ៉ាងគំហុកនារយៈពេលចុងក្រោយនេះ។
នេះជាការបញ្ជាក់របស់អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាឯកឧត្តម នី ផល្លី ក្នុងកិច្ចប្រជុំពិភាក្សាលើផែនការកែលម្អរឆ្នេរកំសាន្តសាធារណៈក្រុងព្រះសីហនុនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ឧសភានេះ។
ឯកឧត្តម នី ផល្លី បានអោយដឹងថា កិច្ចប្រជុំទទួលបាននូវផ្លែផ្កាជាច្រើន ដោយបានធ្វើការពិភាក្សាទៅលើការកំណត់ប្រភេទនៃឆ្នេរខ្សាច់កំសាន្ត និងបានធ្វើការបែងចែកឆ្នេរជាបីប្រភេទ គឺទី១.ប្រភេទឆ្នេរសាធារណៈរបស់រដ្ឋ, ទី២. ប្រភេទឆ្នេរសាធារណៈរបស់រដ្ឋដោយមានការចូលរួមពីផ្នែកឯកជន និងប្រភេទទី៣. ជាឆ្នេរកំសាន្តសាធារណៈរបស់រដ្ឋបែបប្រណិត។
ឯកឧត្តម នី ផល្លី បានបន្តថា កិច្ចពិភាក្សាក៏បានផ្តោតទៅលើការរៀបចំកែ លម្អរឆ្នេរទៅតាមស្ដង់ដារបទដ្ឋានគតិយុត្ត ដោយរៀបចំជាគោការណ៍ណែនាំក្នុង ការរៀបចំឆ្នេរកំសាន្តអោយគោរពទៅតាមស្ដង់ដាររួមមួយ និងមួយទៀតគឺនឹង មានការវាយតម្លៃអំពីឆ្នេរស្អាត ដោយមានសូចនាករ និងមានលក្ខណៈវិនិច្ឆ័យ គ្រប់គ្រាន់ រួមទាំងការកំណត់អំពីយន្តការ ក្នុងការគ្រប់គ្រង និងតាមដាន វាយ តម្លៃឆ្នេរស្អាតទៀតផង។ ក្រៅពីនេះកិច្ចប្រជុំក៏បានសម្រេចក្នុងការកសាងក្លោង ទ្វារចូលឆ្នេរនីមួយៗ ដោយកំណត់ការដាក់ឈ្មោះពិតរបស់ឆ្នេរ ដើម្បីអោយសា ធារណៈជន ក៏ដូចជាភ្ញៀវទេសចរបានស្គាល់ឈ្មោះរបស់ឆ្នេរកំសាន្តនីមួយៗ ហើយក្លោងទ្វារនោះទៀតសោតត្រូវមានលក្ខណៈជាខ្មែរ។ ជាមួយគ្នានេះកិច្ច ប្រជុំក៏បានពិភាក្សាអំពីការរៀបចំតូបនៅតាមតំបន់ឆ្នេរកំសាន្តនីមួយៗផងដែរ៕