លោក វិធិន
ក្រចេះ៖ អាវុធហត្តខេត្តក្រចេះ សហការជាមួយ អាវុធហត្តស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ឡុង យឹង ប្រធានមន្ទីរយុត្តិធម៍ ចុះបង្គ្រាបទូកដឹកឈើឈើល្មើសច្បាប់ចំនួន ៣គ្រឿង មានចំនួនជាច្រើនមែត្រគូប កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ តាមច្រាំងទន្លេមេគង្គ នៅចំនុចភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
លោកវរសេនីយ៍ទោ ឡុង យឹង ប្រធានមន្ទីរយុត្តិធម៌ បានដឹងថា ក្នុងចុះបង្គ្រាបនេះដោយមានការចង្អុលបង្ហាញ និងបទបញ្ជាដ៏តឹងរឹងរបស់លោក ឧត្តមសេនីយ៍ សាន្ដ ប៊ុនថានមេបញ្ជាការអាវុធហត្តខេត្តក្រចេះ ទើបកម្លាំងរបស់លោកឈានដល់ការឃាត់ទូកផ្ទុកឈើចំនួន ៣គ្រឿង ជាប្រភេទក្ដាប្រមាណជិត ៤០មែត្រគូប ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើជាអ្នកចាត់ចែង។
ចំណែកម្ចាស់ត្រូវបានគេស្គាល់ថា ទី១,ឈ្មោះ ស៊ុល ហះ ភេទប្រុស អាយុ ៤៣ឆ្នាំ ២,ឈ្មោះ សុះ ព្រៃ ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣,ឈ្មោះ សាន់ ម៉ូត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនសង្ស័យទាំងបីនាក់ខាងលើនេះ មានទីលំនៅភូមិជីនិក ឃុំជីនិក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោក ឃ្លាំង ណារ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ បានឲ្យដឹងថា ឈើនិងទូកទាំងនេះ ត្រូវលោកនាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ បញ្ជាឲ្យនាំយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ព្រោះសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈទីតាំងតូចចង្អៀតពិបាកនឹងលើកឈើយកទៅរក្សាទុក ចំណែកសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយច្រាំងទន្លេរាងចំរាលងាយស្រួល និងលើកឈើដើម្បីធ្វើការវាស់វែង។
ទោះជាយ៉ាងណាក្ដី សកម្មភាពបទល្មើសដឹកជញ្ជូនឈើតាមទូក គឺនៅតែបន្តកើតមានទាំងរដូវប្រាំង និងរដូវវស្សា។ ជាពិសេសនៅរដូវវស្សា គឺមានទូកដឹកជញ្ជូនឈើឆ្លងកាត់ទឹកដីនៃខេត្តក្រចេះ ជារៀងរាល់យប់ ដោយក្នុង១យប់ៗទូកឆ្លងកាត់មិនក្រោយពី ៤ទូកឡើយ ដែលមានផ្ទុកឈើចាប់ពី ៧ម៉ែត្រគូបទៅ ដល់១០ម៉ែត្រគូប នេះបើយោងតាមប្រភពរាយការណ៍បានឲ្យដឹងយ៉ាងដូច្នេះ។
ដោយគេសង្កេតឃើញថា មន្ត្រីជំនាញមេព្រៃ ដែលមានទីស្នាក់ការនៅតាមដងទន្លេមេគង្គ ក៏ដូចជានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង់ ដែលមានផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ សង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ និងសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈជាដើម ហាក់បីដូចជាគ្មានចំណាត់ការ និងវិធានការក្នុងការ ចុះបង្ក្រាបចាបឃាតទួកដឹកឈើទាំងនោះទាល់តែសោះ ។
បែរជាបណ្ដែតបណ្ដោយទុកអោយក្រុមឈ្មួញទាំងនោះ ធ្វើសកម្មភាពចរាចទូកឈើ ចាប់ពីព្រំប្រទល់ទឹកដីនៃខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំបានដោយរលូន និងមានសុវត្ថិភាពល្អណាស់។
ជាក់ស្ដែងដូចក្នុងករណីនេះជាដើម បើកម្លាំងកងអាវុធហត្ថខេត្តក្រចេះ មិនចុះទៅបង្ក្រាប់ទេនោះ ប្រហែលជាទូកឈើទាំងនេះច្បាស់ជាទៅដោយធ្វើចរាចណ៍ឆ្លងកាត់ទឹកដីនៃខេត្តក្រចេះដោយរលូនទៀតជាក់ជាមិនខានឡើយ។
ប្រភពដដែល បានបន្តឲ្យដឹងទៀតថា ទូកដឹកឈើទាំងនេះហើយដែលជាក្រុមទូកឈើកូនស្រីរបស់ តា មាណ រស់នៅភូមិជំនិច ឃុំជំនិច ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាឈ្មួញរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់ជាយូរឆ្នាំមកហើយ ហើយក៏ត្រូវបានគេស្គាល់ច្បាស់ផងដែរ៕