លោក ភី ធូ
មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា បុណ្យវិសាខបូជា គឺជាបុណ្យយ៉ាងធំក្រៃលែង សម្រាប់ជាតិយើង ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយនៅតាមប្រទេសមួយចំនួនលើសកលលោកដូចជាៈប្រទេសស្រីល័ង្កា ឥណ្ឌា នេប៉ាល ថៃ និងប្រទេសឡាវជាដើម ថ្នាក់ដឹកនាំ តែងតែនាំប្រជាពលរដ្ឋ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ចូលរួមក្នុងបុណ្យវិសាខបូជា ដូចគ្នានេះដែរ។
លោកអភិបាលខេត្តបានថ្លៃងដូច្នេះ នៅក្នុងពិធីបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ នៅរង្វង់មូលគោព្រៃ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដែលមានការចូលរួមពីអាជ្ញាធរខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាន ២៣០០នាក់។
មានប្រសាសន៍នាឱកាសនោះ លោកអភិបាលបានលើកឡើងថា ៖ពិធីបុណ្យនេះកន្លងមក នៅក្នុងខេត្តមណ្ឌលគីរី ឃើញមានតែព្រះសង្ឃចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិសទ្ធ័ តែងតែធ្វើនៅតាមវត្តអារាម និងមានការចូលរួមតិចតួចណាស់ ដោយយុវជន និងពុទ្ធបរិសទ្ធ័មួយចំនួនតូច ហាក់បីដូចជាព្រងើយកន្តើយមិនយល់ច្បាស់អំពីខ្លឹមសារសំខាន់ នៃពិធីបុណ្យនេះឡើយ ហើយមិនចាប់អារម្មណ៍ថា ថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យវិសាខបូជា ជាអ្វីនោះផងទេ។
លោកអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មេត្តាចូលរួមគោរពប្រតិប្បត្តិ និងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ អោយកាន់តែរុងរឿងឡើង សមជាសាសនា ដែលពិភពលោកគេស្ងប់ស្ងែង និងគោរពបូជា ។
លោកអភិបាលខេត្តក៏បានថ្លែង កោតសរសើរដល់ថ្នាក់ដឹកនាំព្រះសង្ឃ មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ដែលបានសហការរៀបចំពិធីបុណ្យវិសាខបូជា សម្រាប់ ព.ស២៥៦០ នេះឡើងប្រកបដោយអធិកអធ័ម គួរជាទីមោទនភាព និងជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនា ។
នៅក្នុងពិធីបុណ្យនេះដែរថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ បានធ្វើការដង្ហែចំនួនមួយជុំ និងរាប់បាតដល់ព្រះសង្ឃចំនួន៨៤អង្គ ជាកិច្ចបញ្ចប់កម្មវិធី៕