ក្រសួងសុខាភិបាលបិទគ្លីនិក «ឃឹម រ៉ានី» បន្ទាប់ពីចាក់ថ្នាំបណ្តាលឲ្យបុរសម្នាក់ស្លាប់
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលជំងឺ«ឃឹម រ៉ានី» ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ជាការកត់សម្គាល់ការបិទគ្លីនិក«ឃឹម រ៉ានី»នេះដែរ បានធ្វើឡើងបន្ទាបពីបុរសម្នាក់បានប្រកាច់បែកពពុះមាត់ស្លាប់ ក្រោយពេល បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦។
បើតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង នៅថ្ងៃទី២៣ ឧសភា ២០១៦នេះ បានបញ្ជាក់ពីមូលហេតុថា ដោយសារគ្លីនិក«ឃឹម រ៉ានី» បង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសារ ដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនពេលសុំបើកមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី និងមិនគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕