ខេត្តកំពត៖ជម្លោះពាក្យសម្តីគ្នានៅក្នុងគ្រួសារបន្តិចបន្តួចរហូតកើតជាហិង្សាកូនស្រីអកត្តញ្ញូម្នាក់ បានសងគុណឪពុកបង្កើតខ្លួនដោយចាក់មួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
ជនរងគ្រោះជាឪពុក ឈ្មោះ ជ្រិន បេន អាយុ៥៨ឆ្នាំ រីឯជនល្មើសជាកូនស្រីបង្កើតជាមនុស្ស «គ» ឈ្មោះ ជ្រិន ស្រីនួន អាយុ២៥ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបានថា អំពើហិង្សាក្នុងគ្រួសារនេះ កើតឡើងដោយសារទំនាស់ពាក្យសំដីគ្នា រវាងឪពុក និងកូនស្រីបង្កើតទើបធ្វើឲ្យកូនស្រី ផ្ទុះកំហឹង យ៉ាងខ្លាំងឈានទៅយកកូនកាំបិត ចាក់សម្លាប់ឪពុក តែសំណាងល្អគ្រាន់តែរបួសជាទម្ងន់ ចំឆ្នឹងខ្នងបោះដៃផុត។
ក្រោយកើតហេតុភ្លាម ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។ ចំណែកជនល្មើស ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕