ភ្នំពេញ៖ បុរសចំណាស់ម្នាក់ដែលគេដឹងថាជាមន្ត្រីគយ ត្រូវបាន ភរិយារបស់ខ្លួនតាមទាន់ហើយដកយករថយន្ត កាបូបលុយ ទូរស័ព្ទដៃ នៅសណ្ឋាគារសុវណ្ណបុរីថ្មី ប្លុកបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ។
បើទោះជាភរិយាបានដឹងថា ប្ដីរបស់ខ្លួនបាននាំស្រីស្នេហ៍មកកាន់សណ្ឋាគារខាងលើនេះក៏ដោយ ប៉ុន្តែភរិយាមិនបានទៅទាន់ក្នុងបន្ទប់ជាក់ស្តែងនោះឡើយ ដោយមានការហាមឃាត់ពីម្ចាស់សណ្ឋាគារមិនឲ្យមានបញ្ហាប្រទូស្តរាយកើតឡើង ទើបខាងសណ្ឋាគារបានសម្របសម្រួលភាគីខាងប្ដីប្រើមធ្យោបាយរំដោះស្រីស្នេហ៍ចេញពី សណ្ឋាគារខាងលើ ទើបប្រពន្ធរបស់ខ្លួនមិនអាចចាប់ភស្តុតាងបាន។
នៅកន្លែងកើតហេតុ ស្ត្រីជាភរិយាបានស្រែកខ្លាំងៗថា ប្ដីរបស់គាត់បានយកស្រីមកដេកនៅទីនេះ ហើយថែមទាំងជួយការពាររារាំងមិនឲ្យប្រពន្ធបានឃើញស្រីស្មន់នោះថែមទៀតផង។
មន្ត្រីគយដែលផ្លាស់ពីបាវិត ទៅបម្រើនៅខេត្តកំពង់ចាមវិញរូបនេះ ត្រូវស្ត្រីជាភរិយាបានដកយករថយន្តឡិចស៊ី ៤៥០មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-8886 កាបូបលុយ និងទូរស័ព្ទដៃ ។
ចំណែកលោកមន្ត្រីគយ បាននិយាយបដិសេធដោយលើកឡើងថាប្រពន្ធ និងកូនៗ ធ្វើនេះបំបាក់មុខខ្លួន ហើយថែមទាំងមិនមានមុខឯណាទៅធ្វើការងារក្នុងជួររាជរដ្ឋាភិបាលទៀតទេ រួចក៏ឡើងជិះរ៉ឺម៉កកង់បីចេញពីទីតាំងសណ្ឋាគារខាងលើទាំងទឹកមុខស្រងូតស្រងាត់។
ស្ត្រីជាប្រពន្ធបានបើកកកាយថា ប្តីរបស់គាត់បានស្គាល់ស្រីស្នេហ៍វ័យចំណាស់នោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនមែនស្រីក្មេងទេ ហើយគាត់ក៏សូមអោយប្ដីរបស់គាត់នាំស្រីស្នេហ៍ចេញមុខមកទទួលយកប្តីគាត់ចុះ គាត់នឹងផ្ដិតមេដៃលេងលះប្រគល់ប្តីអោយភ្លាម គាត់ឆ្អែតហើយព្រោះតែគាត់តាមទាន់ច្រើនលើកច្រើនលើកច្រើនសា ៕