តុលាការ​បង្គាប់​ឲ្យ​នាំខ្លួន​លោក អ៊ុំ សំអាន ពី​ពន្ធនាគារ​មក​បំភ្លឺ​នៅ​ថ្ងៃទី​២៥ ឧសភា នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2016 ក+ ក-

អត្ថបទ ៖ លោក សុត្ថារ៉ូ

​ភ្នំពេញ៖ លោក អ៊ុំ សំអាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែឧសភា វេលា​ម៉ោង​៨​ព្រឹក នេះ នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ក្រុង​ភ្នំពេញ ដើម្បី​សួរដេញដោល​រឿង​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​មេធាវី ជូ​ង ជូ​ងី ដែល​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ជា​តំណាងរាស្ត្រ​បក្សប្រឆាំង​គឺ លោក អ៊ុំ សំអាន ។​

​លោក អ៊ុំ សំអាន ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦ ទាំង​មាន​អភ័យឯកសិទ្ធិសភា ដោយ​ចោទថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ទាក់ទិន​នឹង​ការរិះគន់​រដ្ឋាភិបាល​ថា​បាន​ប្រើ​ផែនទី​ក្លែងក្លាយ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​មួយផ្នែក​។​

​លោក ជូ​ង ជូ​ងី ឲ្យ​ដឹង​ទៀតថា​មេធាវី​៣​មាន​រូប​មាន​រូបលោក លោក សំ សុ​គង់ និង​លោក ហែម សុជាតិ នឹង​ចូល​ការពារ​លោក អ៊ុំ សំអាន ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃស្អែក​នេះ​។​

​សូមបញ្ជាក់ថា ការចាប់ខ្លួន​តំណាងរាស្ត្រ​បក្សប្រឆាំង លោក អ៊ុំ សំអាន ក្រោម​បទ​ចោទប្រកាន់ថា ជា​បទល្មើស​ជាក់ស្តែង ប៉ុន្តែ​ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង និង​អ្នកច្បាប់​មួយចំនួន​បាន​រិះគន់ថា​ការចាប់ខ្លួន​លោក អ៊ុំ សំអាន នោះបាន​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ដែល​ចែង​ពី​អភ័យឯកសិទ្ធិ របស់​អ្នកតំណាងរាស្ត្រ​។​

​គួររំឭកថា កន្លងមកនេះ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សមរង្ស៊ី ម្នាក់ទៀត គឺ​លោក ហុង សុខ​ហួរ ដែល​រិះគន់​រឿង​ព្រំដែន ក៏ត្រូវ​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ បន្ទាប់ពី​សាលាឧទ្ធរណ៍​ច្រានចោល​ការសុំ​នៅក្រៅ​៕
1+1