ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងមនុស្សជាច្រើននាក់បានរងរបួសស្រាលធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកជាមួយនិងរថយន្ត។ ករណីកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី ឆ្នាំ២០០៥ ពណ៌ ខ្មៅ ពាកស្លាកលេខ កំពង់ចាម 1F 8001 បើកបរក្នុងល្បឿនលឿនពីកើតទៅលិចលុះចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងឆ្វេងដៃចូលផ្លូវរថយន្តស្របពេលនោះមានរថយន្តដឹកកម្មករកម្មការិនីមួយម៉ាក យីហិនដាយ ពណ៌ ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A 4585 ធ្វើដំណើរពីលិចទៅកើតទៅធ្វើការវេនយប់ក៏បណ្តាលឲ្យបុកចំពីមុខរថយន្តពេញទំហឹងស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយរថយន្តដឹកកម្មករកម្មការិនីក្រឡាប់អូសជាង៣០ម៉ែត្រទទឹងថ្នល់តែម្តង។
ក្រោយពីកើតហេតុឃើញមានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូនិងមន្ទីពេទ្យខេត្តស្វាយរៀងដើម្បីធ្វើការសង្គ្រោះ។ រីឯរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
ជិះម៉ូតូរេចង្កូតបុករថយន្តដឹកកម្មករស្លាប់២នាក់ របួសច្រើននាក់