បក្សប្រឆាំង​ស្នើ មូលនិធិ កូហ្វី​អាណាន់ ជួយ​ស្តារ​ស្ថានភាព​នយោបាយ តែ CPP ថា ពួកគេ​គ្មាន​អំណាច​នេះ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

លោក ខេមរិន្ទ

​ភ្នំ​ពេ​ញ៖ ខណៈ​ជួប​តំណាង​មូលនិធិ កូហ្វី​អាណាន់ (Kofi Annan) កាលពី​រសៀល​ថ្ងៃទី​២៣ ខែឧសភា នេះ តំណាង​គណបក្ស​សង្គ្រោះ ជាតិ បានស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា និង​ស្ថានភាព​នយោបាយ ដែល​គណបក្ស​នេះ​បាន​អះអាងថា កំពុង​អាប់អួរ​។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា តំណាង​មូលនិធិ កូហ្វី​អាណាន់ មិនមាន​អំណាច​ទាំងអស់​នោះទេ ។

​តំណាង​មូលនិធិ កូហ្វី​អាណាន់ (Kofi Annan Foundation) ម្សិលមិញ បាន​ទៅ​ជូ​ប​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្ដាល ដើម្បី​ស្វែងយល់​ពី​ការបោះឆ្នោត​នៅ​កម្ពុជា បន្ទាប់ពី​មូលនិធិ កូហ្វី អាណាន់ បាន​ជួប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ ជ ប​) និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

សន្និសីទ​សារព័ត៌មាន​មួយ​បាន​ធ្វើឡើង នៅក្រោយពេល​បញ្ចប់​ជំនួប ទ្វេភាគី​រវាង​តំណាង​មូល​នី​ធិ កូហ្វី​អាណាន់ ដឹកនាំ​ដោយ​លោក អា​ឡាន់ ដូ​ហ្វ (Alan Dos) និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹក នាំ​ដោយ​លោក កឹម សុខា ។ គណៈប្រតិភូ​នៃ​អង្គការ​មូលនិធិ​កូហ្វី​អាណាន់​បាន​សន្យាថា នឹង​ជួយ​កម្ពុជា​ដោយ​ធ្វើ​យ៉ាង ណា​ឲ្យ​មាន ការបោះឆ្នោត​នៅពេល​ខាងមុខ​ប្រព្រឹត្ត​ទៅដោយ​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ ការផ្ទេរអំណាច​អាច​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​។

ក្រៅពីនោះ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​សុំ​ឲ្យ​មូល​នី​ធិ​កូហ្វី​អាណាន់​រក​មធ្យោបាយ​ជួយ​ដល់​សមាជិក និង​មន្ត្រី គ​.​ជ​.​ប ៤​រូប ឲ្យ​រួច​ផុតពី​ការចោទប្រកាន់​របស់​តុលាការ​ផងដែរ​។ លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុងស្ថិត​ក្នុង​ស្ថាន ភាព​ភ័យព្រួយ ពី​សុវត្ថិភាព​ដែល​លោក​ថា អាច​បង្ក​ជា​បរិយាកាស​មួយ​មិនល្អ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ ហើយ​លោក បន្តថា គណបក្ស បានស្នើ​ឲ្យ​មានការ​ចរចា​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​។ បញ្ហា​ទាំងអស់នេះ បានធ្វើអោយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ផ្ញើលិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក បាន គី​មូ ដើម្បី​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះប្រជុំ​ជាបន្ទាន់ រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស ដើម្បី​បញ្ចៀស​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា តំណាង​មូលនិធិ កូហ្វី អាណាន់ មិនមាន​អំណាច ទាំងអស់​នោះទេ​។ ការ​មក​ទស្សនកិច្ច​នៅ​កម្ពុជា គឺជា​ការ​ស្ទាបស្ទង់​សភាពការណ៍​នូវ​អ្វីដែល​មូលនិធិ​នេះ​មា​នល​ទ្ឋ​ភាព​ជូ​យ នៅក្នុង កិច្ចការ​បោះឆ្នោត​ប៉ុណ្ណោះ ដែល​មូលនិធិ​នេះ ធ្លាប់បាន​ជួយ​កិច្ចការ​បោះឆ្នោត​នៅក្នុង​ប្រទេសមួយ​ចំនួន​ដែល​ដំណើរការ​ទៅ​ល្អ ដោយ​សេរី និង​អនុវត្តតាម​គោលការណ៍​ប្រជាធិបតេយ្យ មិនមែន​មក​ធ្វើជា​មេអណ្តើក ឬ​ដោះ​ស្រាវ​វិវាទ​រវាង​គណបក្ស​ទាំងពីរ​ទេ​។

​សូមបញ្ជាក់ថា គណៈប្រតិភូ​នៃ​អង្គការ​មូលនិធិ​កូហ្វី​អាណាន់​បាន​កំពុង​បំព​ញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ជួប​ជាមួយ​អ្នកនយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ មន្ត្រី​ស្ថានទូត​ប្រចាំ​កម្ពុជា ស្ថាប័ន​គ​.​ជ​.​ប​និង​រដ្ឋាភិបាល​ផងដែរ​៕

1;12