អត្ថបទ៖ លោក វិធិន
ក្រចេះ៖កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ទោ អុឹម ប៊ុនធឿន នាយរងការិយាល័យប្រឆាំងបទល្មើសខេត្ត សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ ចាប់ឃាត់រថយន្តដឹកសាច់សត្វព្រៃមួយគ្រឿង ចំណែកឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។
ករណីចាប់ឃាត់រថយន្តដឹកសាច់សត្វព្រៃខាងលើនេះ សមត្ថកិច្ច គឺបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា១១យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ នៅលើផ្លូវជាតិលេខ 7A ត្រង់ចំណុចផ្លូវបំបែកកែងខ្លាស្ទុះ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រោយពេលដែលសមត្ថកិច្ច បង្ក្រាបបាន រថយន្តរួមនិងវត្ថតាង ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីឆែកឆេរ។
ក្រោមការសម្របសម្រួលពីលោក នុត វិនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សមត្ថកិច្ចបានរកឃើញសាច់សត្វព្រៃខុសច្បាប់សរុប ៨៥គីឡូក្រាម ក្នុងសាច់សត្វឈ្លូស ៥៧គីឡូ និងសាច់សត្វជ្រូក ២៨គីឡូ។
វត្ថុតាងត្រូវបានសមត្ថកិច្ចកំទេចចោល ចំណែកឯរថយន្តដឹកបទល្មើស គឺរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះ។
បច្ចុប្បន្នមន្ត្រីជំនាញកំពុងកសាងសំនុំរឿងតាមនីតិវិធី ដើម្បីអោយម្ចាស់បទល្មើសចូលខ្លួនមកដោះស្រាយទៅតាមច្បាប់៕