កាប់ដីដំបូកចំគ្រាប់មីនផ្ទះរបួសស្ទើរសុសសាច់នៅស្រុកកំរៀង
ខេត្តបាត់ដំបង៖បុរសម្នាក់បានរងរបួសស្ទើរសុសសាច់ដោយសារត្រូវកម្ទេចគ្រាប់មីនដែលផ្ទុះ ខណៈកំពុងកាប់ដីដំបូកខាងក្រោយផ្ទះដើម្បីយកទៅចាក់រោងគោ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួង ឈៀត អាយុ៥២ឆ្នាំ រងរបួសដោយសារគ្រាប់មីនប្រភេទស្គរ ឬមីនសញ្ញាលេខបូក ដែលកប់ក្បែរដំបូកមួយកន្លែងខាងក្រោយផ្ទះគាត់។ ប្រភពដដែលបញ្ជាក់ថា ជនរងគ្រោះបានប្រើចប់កាប់ កាប់ដីដំបូកយកទៅចាក់ក្នុងរោងគោ គ្រានោះក៏ប៉ះចំគ្រាប់មីនផ្ទុះឡើងបណ្តាលឲ្យគាត់រងរបួសសុសពេញខ្លួនតែម្តង។ បច្ចុប្បន្ន ជនរងគ្រោះកំពុងព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន៕