ពេជ្រ សោភា ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅថៃ ដោយសារ​ជំងឺចាស់​ធ្វើទុក្ខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2016 ក+ ក-

​សិល្បៈ​៖​តារាចម្រៀង​ដែល​កំពុងមាន​ប្រជាប្រិយភាព​ក្នុង​ស្រទាប​យុវវ័យ​អ្នកនាង ពេជ្រ សោភា ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ នា​ប្រទេស​ថៃ បន្ទាប់ពី​ជំងឺ​របស់​នាង​បានធ្វើ​ទុក្ខ​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ គឺ​ឈាមស​ស៊ី​ឈាមក្រហម​។​
​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី ពេជ្រ សោភា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយនា​ទីក្រុង​បាងកក​ប្រទេស​ថៃ​ត្រូវបាន​គេ នាំគ្នា​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​សារ​ជូនពរ និង​ក្តីបារម្ភ​ពី​ប្រិយមិត្ត​គាំទ្រ​។​
​រហូតមកទល់​ពេលនេះ គេ​នៅ​មិនទាន់​ដឹងថា ជំងឺឈាមសស៊ីឈាមក្រហម ដែល​បាន​រើ​ឡើង​ចំពោះ​តារាចម្រៀង​នាង ពេជ្រ សោភា មាន​លទ្ធផល​បែបណា​នៅឡើយ​ទេ បន្ទាប់ពី​នាង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ​។​
​បើតាម​ការអះអាង​ពី​អ្នក​ជិតស្និទ្ធ​ជាមួយ ពេជ្រ សោភា បាន​បញ្ជាក់ថា គ​ណះ​កម្ម​ការ​ក្នុង​កម្មវិធី The Voice រូបនេះ​បាន​មាន​ជំងឺឈាមសស៊ីឈាមក្រហម ហើយ​នាង​ត្រូវ​លេបថ្នាំ​ជាប្រចាំ និង​ត្រូវ​ឡើង​ចុះទៅ​កាន់​ប្រទេស​ថៃ តាមដាន​សុខភាព​រាល់ពេល​ធ្វើទុក្ខ​។ ជំងឺ​របស់​នាង គឺជា​ជំងឺ​ចាស់ និង​មាន​សភាព​ប្រក្រតី​មួយរយៈ​ធំ​មកហើយ ប៉ុន្តែ​មកពី​នាង​ប្រើប្រាស់​កម្លាំង​ហួសហេតុ ក្នុងការ​ផលិត​បទ​ថ្មី ទើប​ធ្វើ​ឲ្យ​ភាព​ទ្រុឌទ្រោម​លេចឡើង​។​
​ប្រភព​ដដែល​បាន​បន្ថែមថា ជំងឺ​របស់​នាង​បាន​រើ​ឡើងវិញ ដោយសារតែ​មួយរយៈ​មុន នាង​មិនបាន​សម្រាក​គ្រប់គ្រាន់ និង​បានគិត​ច្រើន ដោយសារតែ​ត្រូវ​និពន្ធ​បទ​ថ្មីៗ​សម្រាប់​ឱកាស​ចួ​ល​ឆ្នាំ​ជាមួយនឹង ក្រុមការងារ​។ នាង​ប្រឹងប្រែង​ការងារ ដោយ​គិតតែ​ពី​លទ្ធផល​ជោគជ័យ តែ​មិនបាន​គិតដល់​បញ្ហា​សុខភាព​របស់​នាង​នោះទេ ទើប​បណ្ដាល​ឲ្យ​ជំងឺឈាមសស៊ីឈាមក្រហម​កើតឡើង​ជាថ្មី ហើយ​ការធ្វើ​ទុក្ខ​មុនពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ​នោះ ហាក់​មាន​កម្រិតធ្ងន់​។ នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ថៃ និង​កំណត់​ឲ្យ​ចូល​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ប៉ា​យ៉ា​ថៃ ក្នុង​ទីក្រុង​បាងកក ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។​
​យ៉ាងណាក៏ដោយ​អាកា​រៈ​ធ្វើទុក្ខ​បែបនេះ មិនមែនជា​លើកទីមួយ​នោះទេ ទើប​ទាំង ពេជ្រ សោភា និង ក្រុមការងារ​ហាក់​មិនមាន​ការបារម្ភ​ខ្លាំង​។​
​យោងតាម​ការបញ្ជាក់​ជំងឺ​របស់​នាង គឺ​តម្រូវ​មិន​ឲ្យ​គិត​ច្រើន និង​សម្រាក​ឲ្យ​បាន គ្រប់គ្រាន់ ប៉ុន្តែ​កាលពី​អំឡុង​មុន​ចូលឆ្នាំ ពេជ្រ សោភា បាន​ប្រឹងប្រែង​ផលិត​បទ​ថ្មី និង​បំបែក​ក្បាច់​រាំ ដោយ​មិនបាន​គិតដល់​ចំណុច​នេះ ទើប​សុខភាព​ចុះខ្សោយ ហើយ​បណ្ដាល​ឲ្យ​ជំងឺឈាមសស៊ីឈាមក្រហម ធ្វើទុក្ខ​។​នាង​ក៏​ត្រូវបាន​គេ​អះអាងថា មាន​ជំងឺ​បំពង់ក​ថែម​មួយ​មុខ​ទៀតផង​ដែរ មុនពេល​ឡើងទៅ​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​ថៃ ។​
​ដោយឡែក​នៅលើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ពេជ្រ សោភា មិនបាន​បញ្ជាក់​ពី​អាកា​រះ​ជំងឺ​បាន​វិវត្តន៍​យ៉ាងណា​នោះឡើយ ពោលគឺ​បានត្រឹមតែ​បង្ហោះ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ពេល​នាង​ទទួល​ការសង្គ្រោះ បន្ទាន់​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​ថៃ​ប៉ុណ្ណោះ ។​
​យ៉ាងណាក៏ដោយ​មាន​ប្រិយមិត្ត​គាំទ្រ​នាង​ជាច្រើនរូប​បាន​សម្តែង​ក្តី រំពឹងថា ពេជ្រ សោភា នឹង​វិល​មកកាន់​សភាព​ដើម​ជាធម្មតា​ឡើងវិញ និង​អាច​បង្ហាញខ្លួន​ជាមួយ​ដៃគូ​ចម្រៀង​គឺ​លោក ដេវីត ក្នុង​ព្រឹទ្ធ​ការណ៍​រាំ​ញី​កែងជើង​ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី ក្នុងពេលដែល​មានការ​ប្រកួត​បាលទាត់​មិត្តភាព​រវាង​កម្ពុជា និង​ទី​ម័​រ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​៕

13244769_1607239689590396_5395912045988820562_n