អត្ថបទ៖លោក ប៉ែន សុផល
បាត់ដំបង៖នាព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ខួបទី១៥៣ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាដែលធ្វើនៅក្នុងបរិវេណសាខាកាកបាទក្រហមខេត្តក្រោមប្រធានបទ”កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ។ ទិវានេះប្រមូលបានថវិកាជិត៨ម៉ឺនដុល្លារពីសប្បរសជនពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួម។
ពិធីនេះបានរៀបចំធ្វើឡើង ក្រោមអធិបតីភាពឯកឧត្ដមច័ន្ទ សុផលអភិបាលនៃគណអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមានការចូលរួមពីឯកឧត្ដមបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីមន្ត្រីរាជការមកពីមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើ នទៀតផង ។
បន្ទាប់ពីឯកលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឡើងអានរបាយការណ៍រួចមក លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងជា អនុប្រធានកិត្តិយសសាខាខេត្ត បានសម្ដែងនូវមនោសញ្ចេតនាគោរពនិងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំនិងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាតិដើម្បីលើកកម្ពស់សុខភាពស្ត្រីនិងកុមារដែលបានបង្កើតឡើងនូវសកម្មភាពមនុស្សធម៌ដ៏រស់រវើកផ្តល់ជំនួយសង្គ្រោះគ្រប់ទីកន្លែង ជូនប្រជាពលរដ្ឋដែលរងគ្រោះ ជាពិសេសអ្នកកើតនិងផ្ទុកមេរោគអេដស៍ ស្ត្រីមានផ្ទៃពោះ ស្រី្តសម្រាលកូន ជនពិការ ចាស់ជរា កុមារ មិនបែងចែក ឬរើសអើងសញ្ជាតិពូជសាសន៍ ជំនឿសាសនាប្រកាន់វណ្ណៈ ពណ៌សម្បុរនិងនិន្នាការនយោបាយអ្វីឡើយ ។
លោក ច័ន្ទ សុផល អភិបាលនៃគណះអភិបាលនិងជាប្រធានកិត្តិយសសាខា បានថ្លែងអំណរអរគុណចំពោះលោកបណ្ឌិត ប៊ុតគឹមស៊ានប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាខេត្តបាត់ដំបង លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជនដែលបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាក្នុងពិធីដ៏មានតម្លៃនាឱកាសនេះផងដែរ ។
លោកបន្តទៀតថា ថវិកាដែលទទួលបានពីសប្បុរសជននៅពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងយកទៅជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយ និងគ្រោះរាំងស្ងួតផ្សេងៗនិងសម្រាប់បម្រើសកម្មភាពអប់រំការថែទាំសុខភាពការលើកកម្ពស់នៃតម្លៃមនុស្សធម៌សេចក្តីថ្លៃថ្នូមនុស្សជាតិដើម្បរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនិង ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងជាលំដាប់ផងដែរ ។
ថវិកាដែលប្រមូលបានពីសប្បុរសជនដែលបានចូរួមក្នុងឱកាសនោះសរុបចំនួន៧៨៩០០ដុល្លារសហរដ្ឋអាមេរិក៕