ជប៉ុន៖ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ មកកាន់ទីក្រុងហ៊ូរ៉ូស៊ីម៉ា ត្រូវបានប្រជាពលរដ្ឋជប៉ុនរាប់សិបនាក់នាំគ្នាម្តែងការតវ៉ា ប្រឆាំង។ នេះបើយោងតាមសារព័ត៌មានស៊ិនហួផ្សាយមុននេះ។
ប្រភពដដែលបញ្ជាក់ថា ការផ្ទុះការតវ៉ានេះធ្វើឡើងបន្ទាប់ពីពួកគេបានដឹង ច្បាស់ថាមេដឹកនាំពិភពលោកនេះ នឹងមិនព្រមសូមទោសជប៉ុនរឿងទម្លាក់គ្រាប់បែកបរមាណូ នោះឡើយ។ ការតវ៉ាខាងលើនេះ បានកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមកម្ល៉េះ ដោយបានអូសបន្លាយមក ដល់ថ្ងៃសុក្រនេះ។ ក្រៅពីការទាមទារឲ្យលោក អូបាម៉ា សូមទោស ពួកគេនៅអំពាវនាវឲ្យសហរដ្ឋអាមេរិក ដកមូលដ្ឋានទ័ពទាំងអស់ចេញពីខេត្ត អូគីណាវ៉ា ព្រោះពួកគេចាត់ទុកថាយោធានិងសព្វាវុធទាំងនោះជា លេសដែលអាចបង្កសង្គ្រាមមួយទៀតនៅថ្ងៃអនាគត៕