ខេត្តត្បូងឃ្មុំ៖ផ្ទះដេប៉ូលក់ឈើមួយកន្លែងនៅភូមិស្រែស្ពឺ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវក្រុមចោរ៤នាក់ប្រដាប់ដោយអាវុធវែង១ដើម និងខ្លី៣ដើម បានធ្វើសកម្មភាពចូលប្លន់ប្រមូលយកលុយដុល្លារប្រមាណ៣ម៉ឺនដុល្លារ លុយខ្មែរ៤០លានរៀល និងគ្រឿងអលង្ការ ព្រមទាំងទ្រព្យសម្បត្តិអស់ជាច្រើន។ ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។
សមត្ថកិច្ចដឹងថា ម្ចាស់ដេប៉ូឈើរងគ្រោះឈ្មោះ ស្រ៊ី សុផល ជាប្តី និងប្រពន្ធឈ្មោះ ស៊ុយ វាន់នី រស់នៅភូមិ-ឃុំកើតហេតុ ។ ប្រភពបញ្ជាក់ថា ក្រុមចោរមានគ្នា៤នាក់ ប្រដាប់ដោយអាវុធវែង១ដើម និងខ្លី៣ដើម បានចូលមកធ្វើសកម្មភាពប្លន់ ដោយចាប់ម្ចាស់ផ្ទះប្រុសៗ៤នាក់ចងនិងខ្សែលួស ចំណែកស្រីៗ២នាក់មិនបានចងទេ ហើយបានប្រើកន្ត្រៃកាត់យកគ្រឿងអលង្ការ ព្រមទាំងប្រើញញួរធំវាយបំបែកទូដែករួចប្រមូលយកមាស ប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃយកទាំងអស់ រួចគេចខ្លួនបាត់តែម្តង៕