រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៥លើក) មនុស្សស្លាប់៤នាក់ (ស្រី១នាក់) រងរបួសធ្ងន់៩នាក់ (ស្រី៤នាក់) និងរបួសស្រាល៧នាក់ (ស្រី២នាក់) ។
ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូច៧គ្រឿង, រថយន្តធុនធំ២គ្រឿង។ ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក (ស្លាប់១០នាក់) ,ស្រវឹង១លើក , មិនគោរពសិទ្ធិ២លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់៣លើក (ស្លាប់ ២នាក់) , កត្តាយានយន្ត១លើក (ស្លាប់ ១នាក់) ប្រជែង៣លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២១នាក់ (យប់១០នាក់ )។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន២,១៥៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៩៣៤គ្រឿង និងពិន័យសរុប១,២២៤គ្រឿង៕