លោក ខេមរិន្ទ
ភ្នំពេញះ សមាជិករដ្ឋសភាចំនួន ៦៨រូប នៅព្រឹកថ្ងៃចន្ទនេះ បានលើកដៃអនុម័តឲ្យតុលាការបន្តតាមនីតិវិធីក្នុងសំណុំរឿងសញ្ចារកម្មលើលោក កឹម សុខា ។ស្របពេលគ្នានោះគេឃើញ សមត្ថកិច្ចបានបើកផ្លូវឲ្យអ្នកគាំទ្រយគណបក្សសង្គ្រោះជាតិ ធ្វើការហែក្បួនទៅកាន់ព្រះបរមរាជវាំងដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍លើករណីដែលលោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ និងតាមចាប់ខ្លួនពីបទបដិសេធមិនចូលខ្លួនបំភ្លឺ ។
កាលពីព្រឹកសមត្ថកិច្ចប្រដាប់ដោយខែល ដំបង និងកាំភ្លើងវែងបានបិទផ្លូវនៅម៉ោងជិត១និង៣០នាទីនេះ នៅលើផ្លូវជាតិលេខ២ គឺនៅចម្ងាយប្រហែល១០០ម៉ែត្រមួយកន្លែងនិងមួយទៀតនៅចម្ងាយប្រហែល៥០ម៉ែត្រ ពីទីស្នាក់ការកណ្តាលរបស់គណបក្សនៅសង្កាត់ចាក់អង្រែ បានយាមកាម និងត្រៀមមិនឲ្យមាន សមាជិករដ្ឋសភា ព្រឹទ្ធសភានិងប្រជាពលរដ្ឋគាំទ្របក្សគ្រោងនឹងដង្ហែញត្តិតាមរថយន្តនិងម៉ូតូ ដើម្បីយកញត្តិទៅថ្វាយព្រះមហាក្សត្រនៅរសៀលថ្ងៃចន្ទនេះទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះថា គណបក្សបានប្រមូលស្នាមមេដៃបានជាង២០ម៉ឺននាក់ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រនៅរសៀលនេះ។ លោកស្នើឲ្យអាជ្ញាធរសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍និងបញ្ចៀសការប៉ះទង្គិចណាមួយ។ លោកបញ្ជាក់ថាការដង្ហែក្បួនសុំច្បាប់អនុញ្ញាតមានតែក្នុងរបបកុម្មុយនីស្តនោះទេ។
ក្នុងកិច្ចប្រជុំសភា នៅព្រឹកថ្ងៃទី៣០ ឧសភា នេះ សមាជិករដ្ឋសភាបក្សប្រជាជនកម្ពុជា៦៨រូប បោះឆ្នោតលើកដៃសម្រេចឲ្យសមត្ថកិច្ចចាត់ការលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តាមបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ ។
គួរជម្រាបថា លោក កឹម សុខា ត្រូវសមត្ថកិច្ចដេញប្រមាញ់តាមចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា។ ចាប់ពីពេលនោះមក លោក កឹម សុខា មិនបានចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិទេ ហើយគណបក្សនេះបានព្រមានធ្វើមហាបាតុកម្ម បើមានការចាប់ខ្លួនលោក កឹម សុខា។
ការអនុម័តរបស់រដ្ឋដភា បានធ្វើឡើងបន្ទាប់ពីមានការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមកពីបក្សប្រជាជនកម្ពុជា ប្រមាណ១៥នាទី មុនការប្រជុំសភា។ ចំណែកសមាជិកសភាពីបក្សប្រឆាំងពហិការមិនចូលរួមប្រជុំឡើយ។
សាលាក្រុងភ្នំពេញបានបញ្ជាក់ថា ក្នុងករណីនៅតែមានការជួបជុំដង្ហែញ្ញតិតាមផ្លូវសាធារណៈឬផ្ទុយពីស្មារតីអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញត្រូវទទួលខុសត្រូវមុខច្បាប់៕