លោក ខេមរិន្ទ
ភ្នំពេញះស្ថានភាពនយោបាយនៅក្នុងគណបក្សសង្គ្រោះជាតិកំពុងឡើងកម្តៅ ខណៈ កាលបរិច្ឆេទនៃការចាប់ខ្លួនលោក កឹម សុខា បានចូលមកដល់ ។កាលបរិច្ឆេទនេះ ត្រូវបានរដ្ឋសភាបើកភ្លើងខៀវនៅព្រឹកថ្ងៃទី៣០ ឧសភា ព្រឹកមិញ សម្រេចឲ្យសមត្ថកិច្ចតុលាការបន្តអនុវត្តតាមនីតិវិធីរបស់ខ្លួន ។ប៉ុន្តែរហូតមកដល់វេលាម៉ោង៦និង០០នាទី ល្ងាចថ្ងៃដដែល គេមិនឃើញសមត្ថកិច្ចតុលាការអនុវត្តការចាប់ខ្លួនលោក កឹម សុខា នោះទេ។
បន្ទាប់ ពីសមាជិករដ្ឋសភាជាតិមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប បានបោះឆ្នោតបើកផ្លូវឲ្យតុលាការក្រុងភ្នំពេញបន្តនីតិវិធីចាប់ខ្លួន និងឃុំខ្លួន លោក កឹម សុខា កាលពីព្រឹកថ្ងៃចន្ទមកភ្លាមៗនេះ គណបក្សសង្គ្រោះជាតិបានចេញមកប្រកាសប្រឆាំង យ៉ាងខ្លាំងក្លា ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ស៊ុន ឆៃ បានហៅសេចក្តីសម្រេចរបស់រដ្ឋសភាកាលពីព្រឹកថ្ងៃទី ៣០ នេះ ថា គឺជាការរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក សុន ឆៃ បានថ្លែងនៅក្នុថសន្និសីទកាសែត កាលពីព្រឹកមិញនេះ ដោយហៅសេចក្តីសម្រេចរបស់រដ្ឋសភា ថា គឺជាការរំលោភលើច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥១នៃរដ្ឋធម្មនុញ្ញ ដែលបានចែងពីអំណាចដាច់ពីគ្នានៃស្ថាប័ននីតិប្រតិបត្តិ និងអំណាច នីតិបញ្ញត្តិ និងអំណាចតុលាការផង។
មួយសប្តាហ៍កន្លងមកនេះ គណបក្សសង្គ្រោះជាតិបានយកទីស្នាក់គណបក្សធ្វើជាកន្លែងការពារប្រឆាំងការប៉ុងប៉ងចាប់ខ្លួនលោក កឹម សុខា បន្ទាប់ពីរដ្ឋសភាជាតិបានសម្រេចបើកផ្លូវឲ្យតុលាការបន្តនីតិវិធីក្នុងការ ចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា រួបមក។
លោក សុន ឆៃ ជឿជាក់ថា ពេលនេះមានតែស្ថាប័នព្រះមហាក្សត្រតែមួយប៉ុណ្ណោះ ដែលអាចធានា ឬដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដែលកំពុងឡើងកម្តៅនេះបាន។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយអង្គភាព Fresh News កាលថ្ងៃទី២៩ ឧសភា លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បានបញ្ជាក់ថា ចលនាដែល CNRP បានគ្រោងនេះ គឺមិនមែននយោបាយទេ ក៏ប៉ុន្តែជាលំអាននៃការធ្វើឲ្យដំណើរការ នៃអំណាចរដ្ឋត្រូវបានបំផ្លាញ ឬធ្វើឲ្យអំណាចរដ្ឋពិការ ដែលជាចលនាអនាធិបតេយ្យមួយ រាតត្បាត នៅក្នុងសង្គម ក្រោមរូបភាពមហាបាតុកម្មប្រឆាំង និងតុលាការ ដែលជាចលនាលាក់មុខ «អំណាច ប្រជាពលរដ្ឋ (People Power)»។ រាជរដ្ឋាភិបាលប្តេជ្ញាការពារសន្តិភាព និងសេរីភាព ដើម្បីប្រជាជន ។
ទោះបីជាយ៉ាងនេះក្តី នៅម៉ោង៦ និង ០០នាទី ល្ងាចថ្ងៃដដែលនេះ គេមិនឃើញមានការចាប់ឃាត់ខ្លួន លោក កឹម សុខា នោះទេ ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បាន និងកំពុងតាមដាន ព័ត៌មាននេះយ៉ាងយកចិត្តទុកដាក់៕