រាជធានីភ្នំពេញ៖យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ ខណៈរបួសធ្ងន់៩នាក់ និងរបួសស្រាល១៥នាក់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កើតឡើងចំនួន១២លើក (យប់៨លើក)។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង, រថយន្តធុនតូច៣, រថយន្តធុនធំ១គ្រឿង , យានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន៣លើក, ស្រវឹង៣លើក, មិនគោរពសិទ្ធិ១លើក, បត់គ្រោះថ្នាក់៣លើក,មិនប្រកាន់ស្តាំ២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២០នាក់។
ជាមួយគ្នានោះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៤០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៤០គ្រឿង និងពិន័យសរុប ១,៤៦៩គ្រឿង ៕