បិទសេតវិមាន៣ម៉ោងបន្ទាប់ពីស្ត្រីម្នាក់បោះលោហធាតុមួយដុំទៅលើរបង
អាមេរិក៖សារព័ត៌មាន AFP បានផ្សាយថា កាលពីម្សិលមិញសេតវិមានបានបិទរយៈពេល៣ម៉ោងបន្ទាប់ពីបុគ្គលម្នាក់បានគ្រវែងចោលដែកមួយដុំទៅលើរបងផ្នែកខាងជើងនៃសេតវិមានក្នុងបរិវេណគេហដ្ឋានប្រធានាធិបតី។
ក្រុមមន្ត្រីនិយាយថា នេះគឺជាវិធានការការពារ ប៉ុន្តែបានរកឃើញថាករណីនេះមិនមែនជាការគំរាមផ្នែកសុវត្ថិភាពនោះឡើយ ហើយសេតវិមានត្រូវបានបើកឲ្យដំណើរការដូចធម្មតាវិញ។ មន្ត្រីដដែលបញ្ជាក់ថា ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនស្ត្រីម្នាក់បន្ទាប់ហេតុការណ៍នេះ។
គួរបញ្ជាក់ថា នៅពេលហេតុការណ៍នេះកើតឡើងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចូលរួមទិវា Memorial Day នៅឯទីលានបញ្ចុះសពយោធា Arlington៕