ជាងដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ខណៈ​ចេញពី​បន្ទប់ទឹក​ដើរ​ជាន់​ខ្សែភ្លើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ជាជាង​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​សា្ល​ប់​ភ្លាមៗ​នៅនឹងកន្លែង គ្រា​ដែល​ចេញពី​បន្ទប់ទឹក​ហើយ​ដើរ​ជាន់​លើ​ខ្សែភ្លើង​ដោយ​ជើង​សើម​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ក្នុងផ្ទះ​ថៅកែ​ជាងដែក ស្ថិតនៅតាម​ផ្លូវលំ​ក្រុមទី​៥ ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​យុវជន​រងគ្រោះ ឈ្មោះ ចាន់ ទ្រា អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចូលទៅ​បត់ជើង នៅក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​មេជាង របស់ខ្លួន លុះ​ពេលចេញ​មកវិញ ដោយសារ​ជើង​សើម ហើយ​បាន​ដើរ​ជាន់​ខ្សែភ្លើង ដែល​រាយ​នៅលើ​សាប ដោយ​ការធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ មិន​លើក​ឲ្យ​ផុតពី​ដី​ឲ្យ​បាន​ត្រឹមត្រូវ ក៏បាន​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ជនរងគ្រោះ​ខាង លើ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ប៉ុន្តែ​សាច់ញាតិ​មិន​អស់ចិត្ត នឹកស្មានថា​មិនទាន់​ស្លាប់ ក៏បាន​ដឹក​ទៅកាន់ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ពេលទៅដល់ គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ទើប​ដឹក​ត្រឡប់មកផ្ទះ​វិញ​។​
​បើតាម​សមត្ថកិច្ច​និយាយថា ខ្សែភ្លើង​នោះ​អត់​មាន​ដាច់​រលាត់​នោះទេ រឿង​អី​ត្រូវ​ឆក់​ទៅ​កើត ពេលនេះ​មានការ​សង្ស័យថា អាចមាន​ដែក​ប៉ះចំ​មុខតំណ​ខ្សែភ្លើង ជើង​ជនរងគ្រោះ​សើម ដើរ​ជាន់​ដែក​ដែល​ឆ្លង​ចរន្ត​ភ្លើង ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​។ នេះ​គឺជា​ធ្វេសប្រហែស របស់​ម្ចាស់ផ្ទះ​ដែលជា​ថៅកែ ខ្សែភ្លើង​មិនបាន​លើក​ឲ្យ​ផុតពី​ដី​ទេ ដាក់​រាយប៉ាយ​នៅលើ​សាប ហើយក៏​មាន​ដែក ស្ថិតនៅ​ទីនោះ​រញ៉េរញ៉ៃ​ផងដែរ មិនបាន​រៀបចំ​ឲ្យ​បាន​របៀប ទើប​បណ្ដាល​ឲ្យ​ឆក់​ជាង​ស្លាប់​បែបនេះ​៕

72b0b3eb-77ed-4519-84aa-5b6a4e441e6735028654-d08d-4e64-99bc-4f4977322681