ប្រទះឃើញសាកសព​កម្មករសំណង់​ម្នាក់​ដេក​សា្ល​ប់ក្នុង​ការដ្ឋាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សាកសព​បុរស​កម្មក​រ​សំណង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្បែរ​បន្ទប់ទឹក​ជាន់​ផ្ទាល់​ដី​ដោយ​សង្ស័យ​ផឹក​ស្រវឹង​ហើយ​ដេក​រមៀល​ធ្លាក់​ពីលើ​ឡៅតឿ​ចំ​ខាងក្រោម​បាកក​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង ៥ និង​៣០​នាទី​ព្រលឹម​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
​ជនរងគ្រោះ​ឈ្មោះ ស៊ន គីម​ហុង អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករសំណង់ និង​មាន​ប្រពន្ធ​ឈ្មោះ ធន់ យ៉េត អាយុ​៣០​ឆ្នាំ​។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ក្រោយពី​ចប់​ម៉ោង​ការងារ​រួច​នោះ ឈ្មោះ ស៊ន គីម​ហុង (​ស្លាប់​) និង​មិត្តភក្តិ​ពីរ​បីនាក់​ទៀត​បាននាំគ្នា​ផឹកស្រា អស់ពីរ​លីត្រ ហើយ​ពួកគេ​ក៏​បែក​គ្នា ដោយ​ឈ្មោះ ស៊ន គីម​ហុង បាន​ឡើងទៅ​ដេក​លើក​ឡៅ​តឿន ជាន់​ទីមួយ​ក្នុង​ការដ្ឋាន​ដែល​កំពុង​សាងសង​មិនទាន់រួច នៅក្បែរ​កន្លែង​ផឹកស៊ី ចំណែក​អ្នក​ផ្សេងទៀត ក៏​ដើរទៅ​ដេក​តាម​កន្លែង​រៀងៗ​ខ្លួន​។ ប្រភព​បន្តថា លុះ​ព្រឹក​ព្រលឹម​ស្រាងៗ​ប្រហែលជា​ម៉ោង​៥ និង​៣០​នាទី លោក​បាន​ដើរទៅ​ដាស់​ឈ្មោះ ស៊ន គីម​ហុង អោយ​ក្រោក​ដើម្បី​បន្តការងារ​ដូច​សព្វដង ប៉ុន្តែ​ពេល​ដើរចូល​ទៅក្នុង​សំណង់​ការដ្ឋាន​សាងសង ស្រាប់តែ​ប្រទះឃើញ​ឈ្មោះ ស៊ន គីង​ហុង បាន​ដេកស្លាប់​ក្បែរ​បន្ទប់ទឹក​ជាន់​ផ្ទាល់​ដី​តែម្តងទៅ ដោយមាន​ស្នាមរបួស​ជង្គង់ និង​ដៃ​។​
​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​បាន​សន្និដ្ឋានថា ករណីនេះ​អាច​កើតឡើង​ដោយសារ ជនរងគ្រោះ​ឈ្មោះ ស៊ន គីម​ហុង ផឹកស្រា​ស្រវឹង​ហើយ​ឡើងទៅ​ដេក លើក​ឡៅ​តឿន រមៀល​ធ្លាក់​មកក្រោម​បោក​ក្បាល​នឹង​ថ្ម នឹង​បាក់ក​ស្លាប់ទៅ​។ សមត្ថកិច្ច​បញ្ជាក់ថា​ក្រោយ​ពិនិត្យ​រួចរាល់​សមត្ថកិច្ច បានធ្វើ​លិខិត​ប្រគល់​សាកសព ទៅអោយ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ស្រុកកំណើត នៅ​ឯង​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-06-01-08-51-58-1fn-2016-06-01-08-51-59-2