ខេត្តបន្ទាយមានជ័យ៖គួរឲ្យសង្វេគឪពុក និងកូនប្រសា២នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈទៅភ្ជួរស្រែមានមេឃភ្លៀងរលឹម ចូលជ្រកក្រោមដើរឈើ។ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា នៅចំណុចវាលគោកទិល ខាងលិចភូមិចំងាយប្រមាណ២គីឡូម៉ែត្រ ក្នុងភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលស្រុកថ្មពួក លោក អ៊ុក សុផាត បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ យង់ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ និងទី២ ឈ្មោះ គឿ ផល ប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិថ្មីខាងលិច ឃុំភូមិថ្មី ស្រុកថ្មពួក ពេលភ្លៀងរលឹមបណ្តើគោយន្ត ទៅឈប់ក្បែរដើមចំបក់ នាំគ្នាដោះប្តូរកង់ដែក ដាក់កង់កៅស៊ូ ដើម្បីបើកត្រឡប់មកផ្ទះវិញស្រាប់តែមាន រន្ទះបាញ់ចំដើមចំបក់ ដែលជនរងគ្រោះនៅពីក្រោមបណ្តាលឲ្យស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ទៅត្រួកពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែរន្ទះបាញ់ពិតមែន ហើយបានប្រគល់ សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕