​ក្រសួង​វប្ប​ធ៌​ម​ខ្មែរ​ប្រតិកម្ម​ករណី​ថៃ​ចង់​ដាក់​ល្ខោន Khon (​ល្ខោនខោល​)​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2016 ក+ ក-

ភ្នំពេញ៖បន្ទាប់ពី​មានប្រតិកម្ម ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន​កម្ពុជា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​ព័ត៌មាន​ដែរ​ថា ប្រទេស​ថៃ​មាន​គម្រោង​ដាក់ ល្ខោន Khon មាន​ទម្រង់​ដូច​ល្ខោនខោល​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​នោះ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បានឱ្យដឹងថា មិនមែន​គ្រប់​សំណើ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក សុទ្ធតែ​ត្រូវបាន​អង្គការ យូ​នី​ស្កូ ទទួលយក​ទេ​។

ជាក់ស្ដែង​សំណើ​របស់​ថៃ​ដាក់​ល្ខោន Khon មាន​ទម្រង់​ដូច​ល្ខោនខោល​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​អរូបី​ក៏​ដូច្នេះ​ដែរ ប្រសិនបើ​ភាគី​ប្រទេស​កម្ពុជា ឬ​ប្រទេស​ណាមួយ​លើ​ពិភពលោក​មានការ​ជំទាស់ អង្គការ​នឹង​ពិចារណា​ចំពោះ​សំណើ​របស់​ថៃ​មិន​ខាន​។​

លោក បាន​បន្ថែមថា “​បើ​ប្រទេស​ថៃ​និយាយថា ល្ខោន​នេះ​វា​កកើតឡើង​នៅក្នុង​សម័យ​អយុធ្យា​មែន វា​កាន់តែ​ជា​ទឡ្ហីករណ៍​មួយ​បង្ហាញ​និង ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី ប្រវត្តិសាស្ត្រ​ថែមទៀត​ផង អញ្ចឹង យូ​នី​ស្កូ គេ​អាច​ពិចារណា​បាន​ហើយ​”​។ បន្ថែម​លើ​ពីនេះ​ទៅទៀត​ក្រសួង​វប្បធម៌​នៅតែ​ប្រកាន់​តួនាទី​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ ដោយ​មិន​ព្រងើយកន្តើយ​ចំពោះ​រឿង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បេតិកភណ្ឌ​របស់ ជាតិ​ឡើយ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ដោយសារតែ​ក្រសួង នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ស្ដីពី​សំណើ​របស់​ថៃ​ជា​ផ្លូវការ ទើប​ក្រសួង​នៅ​មិនទាន់មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​។​

លោក ថៃ នរៈ​សត្យា បាន​បន្ថែមថា នាយកដ្ឋាន​ស្រាវជ្រាវ​បច្ចេកទេស​វប្បធម៌​មាន​ឯកសារ​តម្កល់​គ្រប់គ្រាន់ ទាក់ទង​ទៅនឹង​ល្ខោនខោល​របស់​ខ្មែរ​។ ប៉ុន្តែ​ភាពយឺតយ៉ាវ​ដាក់សំណើ​ទៅ​អង្គការ យូណេស្កូ ក៏​ដោយសារ​កម្ពុជា​កំពុងដំណើរការ​ដាក់បញ្ចូល​ប្រាសាទ​សម្បូរ​ព្រៃគុហ៍ ក៏ដូចជា​ប្រាសាទ​នានា​ជាច្រើន​ទៀត រួមទាំង​ភ្លេងអារក្ស និង​ចាប៉ីដងវែង​ជាដើម​៕

1aaj