ACU ទទួលយក​ពាក្យបណ្តឹង​របស់​ស្ត្រី​ដែល​អះអាងថា ជា​ប្រពន្ធចុង និង​កូនលោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU បានសម្រេច​ទទួលយក​ពាក្យបណ្តឹង​របស់​ស្ត្រី​២​នាក់​ម្តាយកូន ដែល​បានមក​ប្តឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​ករណី​ឆបោក និង​រំលោភសេចក្តីទុកចិត្តរ​បស់ លោក កឹម សុខា​។ ការសម្រេចចិត្ត​ទទួលយក​នេះ​ធ្វើឡើង​បន្ទាប់ពី​បើក​កិច្ចពិភាក្សា នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ក្រោម​វត្ត​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​ស្ត្រី​២​នាក់​ដែល​ត្រូវជា​ម្តាយ និង​កូន​បាន​អះអាងថា ជា​ប្រពន្ធចុង និង​ម្តាយក្មេក (​ចុង​) របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ស្ត្រី​២​នាក់​ម្តាយ និង​កូន បាន​រៀបរាប់​ប្រាប់ ACU នៅ​ព្រឹក​មិញ​ថា លោក កឹម សុខា បាន​លួងលោម​ពួកគាត់ ឱ្យ​លក់​ផ្ទះសម្បែង ហើយ​យកលុយ​ឱ្យ​គាត់​ធ្វើ​ការងារ​បក្ស​ដោយ​សន្យា​ផ្តល់​សំណង​មកវិញ​ឱ្យ​សម​រម ប៉ុន្តែ​បន្ទាប់ពី​លក់ ស្ត្រី​២​នាក់​ខាងលើ អះអាងថា មិនបាន​ទទួល​សំណង​អ្វី​ទេពី​លោក កឹម សុខា​។​
​លោក​ទេសរដ្ឋមន្ត្រី បាន​លើកយក​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មក​បញ្ជាក់ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនអាច​ចាប់ផ្តើម​ស៊ើបអង្កេត លើ​ករណី​ដែល​មិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​បានទេ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​តុលាការ​ជាមុនសិន​។ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​អះអាងថា ការលើកឡើង​របស់​ស្ត្រី​២​នាក់​ខាងលើ មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ពុករលួយ​ទេ ប៉ុន្តែ​ជា​ករណី​ព្រហ្មទណ្ឌ​ផ្សេង​ដូចជា រំលោភ​លើ​សេចក្តីទុកចិត្ត និង​បទល្មើស​ឆបោក​ជាដើម​៕

ACU-Vi-copyfn-2016-06-06-09-05-31-0