មនុស្ស៣នាក់ស្លាប់ និង៤០នាក់របួសក្នុងហេតុការណ៍រថភ្លើងប៉ះគ្នា
ប៊ែលហ្សិក៖យោងតាមសារព័ត៌មាន BBC បានផ្សាយថា រថភ្លើងពីរគ្រឿងប៉ះទង្គិចគ្នា នៅក្នុងទីក្រុង Hermalle-sous-Huy ប្រទេសប៊ែលហ្សិក ដោយបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និង៤០នាក់ផ្សេងទៀតបានរងរបួស ។
យោងតាមការបញ្ជាក់ពីអភិបាលក្រុង Hermalle-sous-Huy បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយបានបើកទៅបុករថភ្លើងដឹកទំនិញមួយគ្រឿងទៀតពីក្រោយពេញទំហឹងតែម្ដង ក្នុងល្បឿនលឿន ដែលជាហេតុនាំឲ្យរថភ្លើងទាំងពីររងការខូចខាតទាំងខ្លាំង និងបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស៕